សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពជះឥទ្ធិពលជាវិជ្ជមានទៅលើជីវភាពរស់នៅប្រចាំថ្ងៃ បើគ្មានសន្តិភាពទេ យើងក៏មិនទៅបង្កបង្កើនផល និងទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភដែរ


តាមរយៈសារលិខិតអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២(៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២៥)​ ដែលធ្វើឡើងក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាពជះឥទ្ធិពលជាវិជ្ជមានទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បើគ្មានសន្តិភាពទេ ​ប្រជាពលរដ្ឋក៏មិនអាចមានលទ្ធភាពទៅបង្កបង្កើនផល និងប្រកបការងារចិញ្ចឹមជីវិត ដើម្បីទទួលបានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដែរ។

សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ មានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ។ សង្គម ដែលប្រជាពលរដ្ឋទទួលបានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភគ្រប់គ្រាន់ គឺជាសង្គមមួយដ៏រឹងមាំ មានភាពធន់ មានសាមគ្គីភាព មានការអភិវឌ្ឍ និងមានស្ថិរភាពសង្គម។ ផ្ទុយទៅវិញ បើប្រជាពលរដ្ឋជួបប្រទះអសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភ សង្គមនោះមិនអាចថែរក្សាបាននូវសន្តិភាព និងសុខុមាលភាព រួមទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយបានឡើយ។

សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា «សន្តិភាពបានជះឥទ្ធិពលវិជ្ជមានទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋយើងមានលទ្ធភាពគ្រប់គ្រាន់បរិភោគអាហារជាមួយក្រុមគ្រួសារ ប្រកបដោយផាសុកភាពនិងសុវត្ថិភាព។ បើគ្មានសន្តិភាពទេ យើងក៏មិនអាចមានលទ្ធភាពទៅបង្កបង្កើនផល និងប្រកបការងារចិញ្ចឹមជីវិត ដើម្បីទទួលបានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដែរ»

សម្តេច​បវរធិបតីបន្តថា​ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និង មានភាពធន់ដែលគាំទ្រដល់ការអភិវឌ្ឍ ធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងសុវត្ថិភាពស្បៀង ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង យុទ្ធសាស្ត្រនានាក្នុងការលើកស្ទួយសុខុមាលភាពរបស់ប្រជាជន ដែលជាកាតាលីករក្នុងការជំរុញឱ្យមានកំណើន សេដ្ឋកិច្ច វឌ្ឍនភាព និងវិបុលភាពសង្គម។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតីបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តការយកចិត្តទុកដាក់អនុវត្ត ភារកិច្ចរបស់ខ្លួន ដើម្បីរួមគ្នាថែរក្សាសន្តិភាពដែលរកបានដោយពិបាក និងលុបបំបាត់បញ្ហាអាហារូបត្ថម្ភ គ្រប់ទម្រង់ សំដៅរួមចំណែកអភិវឌ្ឍមូលធនមនុស្ស សង្គម បង្កើនប្រសិទ្ធភាពការងារ និងជំរុញកំណើន សេដ្ឋកិច្ចជាតិ ឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០​៕