ឯកឧត្តម អ៊ុន ចាន់ដា អភិបាល អភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារ នៅថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមបុណ្យ១០០ថ្ងៃ និងនាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំង ថវិកា ជូនគ្រួសារសព នៅភូមិបែកអន្លូងទី២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជូនចំពោះលោកអនុសេនីយ៍ត្រី ភាព សោភ័ណ យោធិន នៃបញ្ជាការដ្ឋានយោធភូមិភាគទី២ កងទ័ពជើងគោក បានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដែលឈរជើងនៅចំណុចតំបន់ប្រាសាទតាក្របី។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ បានសំដែងនូវការចូលរួមមរណៈទុក្ខ និងពាំនាំនូវការចូលរួមរំលែកមរណទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំពោះការលះបង់អាយុជីវិតរបស់សព លោកអនុសេនីយ៍ត្រី ភាព សោភ័ណ ក្នុងការការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា លោកអនុសេនីយ៍ត្រី ភាព សោភ័ណ្ឌ អាយុ៤៦ឆ្នាំ បម្រើការងារនៅកងពលលេខ២១ ចំណុះយោធភូមិភាគ២ មានភរិយាឈ្មោះ ជឹង គឹមហ៊ាង អាយុ៤៥ឆ្នាំ ប្រកបរបរលក់បាយក្នុងផ្សារបែកអន្លូង មានកូនចំនួន៤នាក់ ស្រី៤នាក់ កូនទី១. ឈ្មោះ ភាព លីហ័ង អាយុ២៦ឆ្នាំ ,ទី២ ឈ្មោះ ភាព មួយជ័ង ,ទី៣ ឈ្មោះ ភាព មិថុនា និងទី៤ ឈ្មោះ ភាព ចន្ទតារា ១៣ឆ្នាំ៕












