រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីរំលឹកដល់ការទទួលបានឯករាជ្យពេញលេញ ពីអាណានិគមនិយមបារាំ ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច ដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ។
ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីលោក-លោកស្រី ថ្នាក់ដឹកនាំសំខាន់ៗក្នុងខេត្ត មន្ត្រីរាជការអង្គភាពមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប ប្រមាណ៣០០នាក់។
នាឱកាសនោះឯកឧត្តម ញ៉ែម សំអឿន បានចាត់ទុក ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣-២០២៥ គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរជន កងកម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរភូមិន្ទនៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាល ធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិរួមមាន៖ ការតស៊ូដណ្តើមឯករាជ្យ ការពុះពារឆ្លងកាត់ដំណាក់កាលនៃ សង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់បែបយ៉ាងដូចបច្ចុប្បន្ននេះ។
ទិវាបុណ្យឯករាជ្យជាតិ ៩-វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិ ខ្មែរទាំងមូល ដែលបានឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែននៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេសឆ្លងកាត់រយៈពេល ៧២ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាច ក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន អ្វីៗទាំងអស់ គឺដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាជនកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាជាប្រជារាស្ត្រខ្មែរតែងតែចងចាំជានិច្ច និងកត់ត្រាក្នុងប្រវត្តិសាស្ត្រជាតិនូវព្រះមហា ករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ។ ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលមាននិន្នាការនយោបាយផ្សេងៗគ្នា រួបរួមគ្នាឡើងវិញ បានប្រឹងប្រែងបម្រើប្រជាជន អស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ជាពិសេសព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍន៍សម្រាប់សង្គមជាតិខ្មែរទាំងមូល ដែលទូលព្រះបង្គំខ្ញុំ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ តែងតែដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះជារៀងរហូតមក។
ក្នុងឱកាសនក្ខត្តឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំ សូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់វត្ថុ ស័ក្តិសិទ្ធិក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហា ក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធិពរជ័យ បវាសួស្តី សិរីវឌ្ឍនា មហាប្រសើរថ្វាយព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះចជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញាណកាន់តែភ្លឺថ្លា ព្រះកាយពលមាំមួន ក្នុងការបំពេញព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដើម្បីបុព្វហេតុជាតិ និងប្រជារាស្ត្រជាទីស្រលាញ់ដ៏ជ្រាល ជ្រៅរបស់ព្រះអង្គ និងបន្តព្រះរាជកិច្ចពីព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គតែងតែប្រោស ព្រះរាជទាន នូវការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុសុខសន្តិភាព ស្ថិរភាពជាតិ សាមគ្គីជាតិ ការ អភិវឌ្ឍជាតិ ការលើកស្ទួយជីវភាព សុខុមាលភាព និងភាពសុខដុមរមនារបស់ប្រជារាស្ត្រខ្មែរទាំងមូល៕


















