ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ តំបន់ទេសភាពភ្នំព្រះគុហារហ្លួង នឹងត្រូវប្រែក្លាយទៅជាកន្លែងកំសាន្តប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅបន្ទាយមាស និងភ្ញៀវទេសចរមកពីតំបន់ផ្សេងៗ


(កំពត)៖ តាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយមាស បាននិងកំពុងគិតគូរក្នុងការប្រែក្លាយ តំបន់ទេសភាពភ្នំព្រះគុហារហ្លួង ឱ្យទៅជាកន្លែងកំសាន្តប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅបន្ទាយមាស ក៏ដូចជាប្រជាជនទូទាំងប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការប្រែក្លាយនេះ គឺធ្វើឡើងតាមរយៈការរៀបចំផ្លូវចូល ចំណតឡាន បន្ទប់ទឹកស្អាត តូបលក់អាហារសមរម្យ នឹងធ្វើឱ្យតំបន់រមណីយដ្ឋានបំបាំងកាយនេះឱ្យកាន់តែភាពទាក់ទាញបន្ថែមទៀត។

តំបន់បេតិកភណ្ឌធម្មជាតិ​ភ្នំព្រះគុហារ​ហ្លួង​ ស្ថិតនៅឃុំទូកមាសខាងលិច​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ មានរូងភ្នំដ៏ធំដែលជាជម្រកនៃហ្វូងសត្វប្រចៀវ​រាប់លានក្បាល​ ដែលផ្តល់ជីធម្មជាតិ​សម្រាប់សហគមន៍មូលដ្ឋាន​ និងជារមណីយដ្ឋានទេសចរណ៍ធម្មជាតិបំបាំងកាយដ៏ទាក់ទាញ៕