ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបន្ដជំរុញបន្ថែមដល់មន្ដ្រីក្រោមឱវាទពិសេសថ្នាក់ដឹកនាំក្នុងការចុះពិនិត្យនៅតាមមូលដ្ឋានសុខាភិបាលនៅតាមបណ្ដាខេត្ដ ដោយបានណែនាំឱ្យចុះពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយធ្វើការផ្ទៀងផ្ទាត់ នូវចំនុចដែលត្រូវកែលម្អឱ្យកាន់តែល្អប្រសើរបម្រើដល់ប្រជាពលរដ្ឋ។
ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត នារសៀលថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ណែនាំ និងផ្តល់នូវអនុសាសន៍មួយចំនួនដូចជា ឱ្យមន្ទីរសុខាភិបាល នៅតាមខេត្តជាប់ព្រំដែន ត្រូវពិនិត្យមូលដ្ឋានសុខាភិបាល ដែលផ្អាកដំណើរក្នុងកំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ដោយរៀបចំឱ្យដំណើរការឡើងវិញ ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋ និងបន្តពង្រឹងការបម្រើសេវា ប្រកបដោយគុណភាព សមធម៌ និងក្រមសីលធម៌ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ ។ក្នុងនោះគ្រប់មូលដ្ឋានសុខាភិបាល ត្រូវមានពិធីសារ (Protocol) ដោយបិតលើជញ្ជាំងងាយស្រួលក្នុងការមើល និងអនុវត្តការងារ។
លើសពីនោះឯកឧត្តមសាស្ដ្រាចារ្យ ណែនាំឱ្យបន្តយកចិត្តទុកដាក់បន្ថែមលើការងារនិយ័តកម្ម និងការងារឱសថ ដោយផ្តោតសំខាន់លើគុណភាព និងការផលិតឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ពង្រឹងបន្ថែមការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវការបម្រើសេវាសុខាភិបាល នៅតាមអង្គភាពរៀងៗខ្លួន។ ក្នុងនោះគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវខិតខំស្វែងយល់ និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែរលូន។
ចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវចុះពិនិត្យក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជាប្រចាំទាំងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ឥរិយាបថជាមួយអ្នកជំងឺ ដើម្បីពិនិត្យរកចំនុចខ្វះខាតកែលម្អ។ ជាងនេះទៅទៀតលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាកដឹកនាំ មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ជាពិសេសការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព ដែលនៅគៀកនឹងប្រជាពលរដ្ឋ ត្រូវពង្រឹងការបម្រើសេវាគុណភាព ប្រសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្រិតមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង៕




























