នាព្រឹកថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកូរ៉ ដើម្បីចូលរួមសប្តាហ៍ទឹកអន្តរជាតិកូរ៉េ (Korea International Water Week_KIWW) ឆ្នាំ២០២៥ ក្នុងទីក្រុង Daegu រយៈពេល ៤ថ្ងៃគឺពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសអញ្ជើញដល់ប្រទេសកូរ៉េ នៅរសៀលថ្ងៃដដែល ឯកឧត្តម ថោ ជេដ្ឋា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត Yun Seog DAE នាយកប្រតិបត្តិនៃសាជីវកម្មធនធានទឹកកូរ៉េ ហើយដែលកិច្ចពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។
សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជាបានគាំទ្រនិងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍វិស័យធនធានទឹកនៅកម្ពុជា ជាពិសេសការជួយកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តនៅទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ចំនួនបីគឺ៖ ទី១)គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីខេត្តបាត់ដំបង ទី២)គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ និងទី៣) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់បវេល ខេត្តបាត់ដំបង។ ក្នុងពេលឆាប់ៗនេះ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីខេត្តបាត់ដំបង និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យនឹងត្រូវបញ្ចប់រួចរាល់ស្ថាពរ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៦ខាងមុខ៕


