ឯកឧត្តម មាស ប៊ុនឡី ត្រូវបានប្រកាសតែងតាំងជា ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានខេត្តកោះកុង


ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន រាជធានីខេត្ត នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសចាត់តាំង ឯកឧត្តម មាស ប៊ុនឡី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា មូលដ្ឋានខេត្តកោះកុង។

ក្នុងឱកាសនោះ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី ខេត្ត បានថ្លែងថា សកម្មភាពការងារកសាងចលនាសមាជិកបក្ស ជាការងារស្នូរសំខាន់មិនអាចខ្វះបានឡើយ ដោយក៏មិនត្រូវមើលស្រាលស្ថានការណ៍នយោបាយបានដែរ ក្នុងគោលដៅធានាបានការទប់ស្កាត់ និងក្តោបក្តាប់ព័ត៌មាននានារបស់ក្រុមប្រឆាំងជ្រុលនិយមក្នុង និងក្រៅប្រទេស។

ឯកឧត្តម យូ សិរីវុឌ្ឍ បានគូសបញ្ជាក់ថា អ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ធផលនៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមជំរុញដល់សមាជិកក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកោះកុង ត្រូវរួបរួមគ្នាអនុវត្តតាមកម្មវិធីនយោបាយដែលបានដាក់ចេញពីថ្នាក់ដឹកនាំ និងក្តោបក្តាប់គ្រប់ព័ត៌មានសកម្មភាពនានារបស់ក្រុមប្រឆាំងជ្រុលនិយម និងកៀងគរស្វែងរកសមាជិកបក្សបន្ថែម និងចូលជីវភាពរស់នៅជាមួយបក្សកាន់តែច្រើន។

ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា ត្រូវតែជាបក្សកាន់អំណាចរហូត ហើយតាមរយៈបែបលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស និងការបោះឆ្នោតផ្តល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ជាភាពជោគជ័យដ៏ត្រចេះត្រចង់សម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជាទំាងមូលផងដែរ។

ឯកឧត្តម មាស ប៊ុនឡី ដែលទើបប្រកាសថ្មី ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានខេត្តកោះកុង បានឡើងប្តេជ្ញាចិត្តថា នឹងខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយរបស់គណបក្ស និងកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងឃោសនាផ្សព្វផ្សាយពីកម្មវិធីនយោបាយបក្សជូនប្រជាពលរដ្ឋបានជ្រាបច្បាស់។ ថែរក្សាធ្លុងមួយសាមគ្គីផ្ទៃក្នុង រក្សាការសម្ងាត់របស់បក្សជានិច្ច ដើម្បីភាពរីកចម្រើននៅមូលដ្ឋាន។

បើតាមឯកឧត្តម មាស ប៊ុនឡី មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរំដោះជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ១៩៧៩ រហូតដល់បច្ចុប្បន្ន កម្ពុជារីកចម្រើនអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាព និងនយោបាយឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូល និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។

បន្ថែមពីនេះ លោកជំទាវ ឈី វ៉ា ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានស្វាគមន៍ និងគាំទ្រថ្នាក់ដឹកនាំ និងសមាជិកថ្មី នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្ត និងជឿជាក់ថា គណបក្សប្រជាជនកម្ពុជាខេត្ត កាន់តែរឹងមាំខាងអនុវត្តការងារបក្សរីកចម្រើន និងដោះស្រាយបញ្ហានានា ដែលកំពុងប្រឈមផងដែរ៕