នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ផ្នែកក្រសួង-ស្ថាប័ន សហការជាមួយផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីវ័យក្មេង ដើម្បីចីរភាព និងនិរន្តរភាពនៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស» ជំនាន់ទី២ ជូនយុវជនគណបក្សប្រជាជនកម្ពុជាក្រសួង ស្ថាប័នទាំង៤៣ និងជំនួយការផ្នែក្រសួង-ស្ថាប័ន។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកគណៈប្រចាំការ ប្រធាន អនុប្រធានផ្នែកក្រសួង-ស្ថាប័ន និងគ្រូឧទ្ទេស ព្រមទាំងលោក លោកស្រី ជាសិក្ខាកាមសរុបចំនួន២៣០នាក់។
ថ្លែងក្នុងឱកាសនោះ លោក រាជ រ៉ា អនុប្រធានផ្នែកក្រសួង-ស្ថាប័ន និងជាប្រធានគ្រប់គ្រងវគ្គ បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីវ័យក្មេង ដើម្បីចីរភាព និងនិរន្តរភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស» ជំនាន់ទី២ នាពេលនេះ ដោយយោងលើសំណូមពរជាបន្តបន្ទាប់របស់យុវជនគណបក្សប្រជាជនកម្ពុជាក្រសួង ស្ថាប័ន និងជំនួយការផ្នែកក្រសួង-ស្ថាប័ន ឆ្លើយតបនឹងតម្រូវការចាំបាច់របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងការពង្រឹងសមត្ថភាពយល់ដឹងរបស់យុវជន ដែលជាកម្លាំងបន្តវេនដ៏មានសក្តានុពលរបស់គណបក្ស ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ផ្នែកក្រសួង-ស្ថាប័នផងដែរ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល មានមតិសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាល បានលើកឡើងថា ក្នុងដំណាក់កាលបច្ចុប្បន្ន ការអប់រំនយោបាយរបស់គណបក្សកាន់តែមានសារៈសំខាន់ក្នុងការកសាង ពង្រឹងជួរមន្ត្រីរបស់គណបក្ស ជាពិសេសមន្ត្រីវ័យក្មេង ដែលជាកម្លាំងបន្តវេនដ៏មានសក្តានុពល ដែលកំពុងប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ដើម្បីក្លាយជាឃោសនិក និងជាអ្នកផ្សព្វផ្សាយរបសគណបក្ស ឆ្ពោះទៅសម្រេចចក្ខុវិស័យ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនៃក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជាតែមួយគត់ និងតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ៕













