ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ទីតាំង នៅក្នុងខេត្ដត្បូងឃ្មុំ។
សូមជម្រាបដែរថា ការពិនិត្យស្ថានភាពផ្លូវ ចំនួន ៣ទីតាំង ក្នុងនោះរួមមាន៖
*ទីតាំងទី១៖ ជាប្រភេទផ្លូវក្រួសក្រហម មានប្រវែង ៨គ.ម ទទឹងខ្នងលើ ៥ម៉ែត្រ ចាប់ផ្ដើមពី ភូមិយៀកត្បូង ឃុំដំរិល ទៅភូមិអង្គរក្រៅ ឃុំដូនតី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោកប្រធានក្រុមប្រឹក្សា, លោកអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។ ខ្សែផ្លូវនេះមានសភាពចាស់ទ្រុតទ្រោមពិបាកក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ដោយខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៧៩៨ គ្រួសារ ស្មើនឹង ៣១៦១នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៨១១២ គ្រួសារ ស្មើនឹង ៣៣៥៧០នាក់។ ក្នុងឱកាសពិនិត្យ លោកឆាយ ឫទ្ធិសែន បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពិនិត្យលទ្ធភាពសាងសង់ផ្លូវនេះ ជាផ្លូវល្បាយក្រួសដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។
*ទីតាំងទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែង ១១គ.ម ទទឹងខ្នងលើសរុប ៥ម៉ែត្រ ចាប់ផ្ដើមពី ភូមិទួលកណ្តោល ឃុំជីគរ ទៅភូមិស្ទឹងអង្កាញ់ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះ ក្នុងសាងសង់ក្នុងឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌគម្រោង RRIPII ដោយទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៣ ២០៧គ្រួសារ ស្មើនឹង ១៣ ៩៦៤នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៤ ៨៥៦គ្រួសារ ស្មើនឹង ២០ ៥៦៤នាក់។
*ទីតាំងទី៣៖ ជាប្រភេទផ្លូវក្រាលបេតុង មានប្រវែង ៤,៣១គ.ម ទទឹងខ្នងលើសរុប ៦ម៉ែត្រ ចាប់ផ្ដើមពី ភូមិទួលឃ្លាំង ឃុំប្រធាតុ ទៅភូមិទួលគរ ឃុំទន្លេរបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ផ្លូវនេះ ក្នុងសាងសង់ក្នុងឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្ដរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ដោយទទួលហិរញ្ញប្បទានពីធនាគារWorld Bank។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៣ ២៥៤គ្រួសារ ស្មើនឹង ១៥ ៤២៨នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៦ ៨១៣គ្រួសារ ស្មើនឹង ២៨ ៧៧០នាក់។
គួរបញ្ជាក់ដែរថា នៅលើទីតាំងផ្លូវទី២ និងទី៣នេះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យលក្ខណបច្ចេកស និងណែនាំមន្ត្រីជំនាញក្រសួង ធ្វើការសិក្សាបច្ចេកទេសក្នុងការសាងសង់ផ្លូវជនបទ និងសំណង់សិល្បៈការ្យឱ្យកាន់តែរឹងមាំ ដើម្បីធានាបានការប្រើប្រាស់ផ្លូវបានយូរអង្វែង៕





























