នាព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Yasmin Siddiqi នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា ព្រមទាំងសហការី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Yasmin Siddiqi ដែលទទួលបានការតែងតាំងជានាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងគណៈប្រតិភូទាំងអស់ដែលបានឆ្លៀតពេលដ៏មានតម្លៃចូលជួបសម្តែងការគួរសម ព្រមទាំងបានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបកម្មវិស្វកម្មគ្រប់ជ្រុងជ្រោយលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម នៅកម្ពុជា ដើម្បីធានាបាននូវសន្តិសុខទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជំរុញការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹកឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងវិនិយោគក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចំនួនបីគឺ៖ ទី១)គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFAVC) ទី២)គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(IAIP) និង ទី៣)គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ(IWRM)៕


