ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យដំណើរការផែនការវិនិយោគវិស័យទឹកស្អាត និងអនាម័យជនបទ (WASH Business Plan) ឆ្នាំ២០២៦-២០៣០”


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សណ្ឋាគារ ឡឺរ៉ូយ៉ាល់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យដំណើរការផែនការវិនិយោគវិស័យទឹកស្អាត និងអនាម័យជនបទ (WASH Business Plan) ឆ្នាំ២០២៦-២០៣០” របស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា ។

សិក្ខាសាលាផ្សព្វផ្សាយ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ទី១) ដើម្បីជំរុញឱ្យមានការគាំទ្រផែនការទឹកស្អាត និងអនាម័យ (២០២៦-៣០) ក្រោមប្រធានបទ “ផែនទីខ្សែទឹកពណ៌ខៀវ” (Mapping the Blue Thread) ទី២) ផ្សព្វផ្សាយដល់ស្ថាប័នរដ្ឋាភិបាល ក្រសួង ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ពន្ធ័ផ្សេងៗពីគំនិតផ្តួចផ្តើមថ្មីៗ នៃគម្រោងផែនការទឹកស្អាតនិងអនាម័យសម្រាប់ឆ្នាំ២០២៦-២០៣០ (WASH Bussiness Plan 2026-30) និងទី៣) អំពាវនាវឱ្យមានចក្ខុវិស័យរួម និងសហការប្រត្តិបត្តិការរួមគ្នាក្នុងការអនុវត្តកម្មវិធី ទឹកស្អាតនិង អនាម័យនៅកម្ពុជា។

តាមរយៈរបាយការណ៍ស្វាគមន៍ដោយ លោក Janes Imanuel Ginting នាយកប្រចាំប្រទេស អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា បានជម្រាបជូនអំពីអំពីវឌ្ឍនភាពគួរឱ្យជាទីមោទនៈ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈការសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ និងការបណ្តុះបណ្តាលគណៈកម្មការគ្រប់គ្រងទឹក ព្រមទាំងការចូលរួមចំណែកឆ្លើយតបនាអំឡុងពេលគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ក៏ដូចជាផ្តល់ការគាំទ្រលើផ្នែកទឹកស្អាត និងអនាម័យដល់ជនភៀសសឹក ផងដែរ ។

ក្នុងឱកាសដ៏វិសែសវិសាលនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានជម្រាបជូនអំពីយុទ្ធសាស្ដ្របញ្ចកោណ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ដជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។ ឯកឧត្ដមរដ្ឋមន្រ្ដី បានគូសបញ្ជាក់ជូនថា ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានកំណត់គោលដៅពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) ផងដែរ។ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំនិងអនុវត្តដោយជោគជ័យនូវផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហានកន្លងមកហើយ ដោយបានបង្កើនអាត្រាទទួលបានសេវាទឹកស្អាតនិងអនាម័យជនបទរហូតដល់ ៩២% ដែលក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩% និងការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥% ហើយរាជធានី-ខេត្តទាំង២៥នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលនេះជាសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តបន្ថែមទៀតរបស់កម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដី បានជម្រាបបន្ថែមទៀតថា ក្រសួងក៏បាននិងកំពុងធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មជាតិជំហានទី៣ ដោយបានកំណត់គោលដៅសម្រេចឱ្យបានអាត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០ និងការកំណត់នូវគោលដៅថ្មីៗបន្ថែមទៀត ផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តចូលរួមគាំទ្រនិងសហការជាមួយរាជរដ្ឋាភិបាល ក៍ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ លើសកម្មភាពលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ដើម្បីឈានទៅសម្រេចគោលដៅនៃអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល។

នៅចុងបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី និងគណៈអធិបតីបានអញ្ជើញចុចប៊ូតុង ជានិមិត្តរូប ដាក់ឱ្យដំណើរការផែនការវិនិយោគវិស័យទឹកស្អាត និងអនាម័យជនបទ (WASH Business Plan) ឆ្នាំ២០២៦-២០៣០” ៕