នាថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Lance Gore ប្រធានក្រុមបេសកកម្ម ចុះត្រួតពិនិត្យស្វែងយល់ជាក់ស្តែងនូវបណ្តាទីតាំងអាងទឹកសំខាន់ៗដើម្បីរៀបចំអនុវត្តគម្រោងនៃការគ្រប់គ្រងធនធានទឹកលើប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប៉ូលសេដ្ឋកិច្ចទី៤(EPOLE4) រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា បេសកកម្មនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្តគោលដៅ និងអាជ្ញាធរដែនដី។ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំបន្ថែមដល់អ្នកពាក់ព័ន្ធផ្តល់នូវទិន្នន័យ និងព័ត៌មានជាក់ស្តែងគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យប្រតិភូដៃគូអភិវឌ្ឍន៍ទទួលបាននូវធាតុចូលជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រ ដើម្បីបង្កើនសន្តិសុខទឹក និងការគ្រប់គ្រងធនធានទឹកសម្រាប់ប្រើប្រាស់តាមតម្រូវការគ្រប់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងបញ្ចៀសបាននូវការជន់លិច និងគ្រោះរាំងស្ងួត៕


