ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ជម្រាបប្រាប់អគ្គលេខាធិការរង UN ទទួលបន្ទុកនិសព្វាវុធការ អំពីបញ្ហាប្រឈមស្មុគស្មាញចំពោះបញ្ហាមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងបង្កគ្រោះថ្នាក់ដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា


(ហ្សឺណែវ) ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកនិសព្វាវុធការ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីន នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសស្វីស។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ឆ្នាំមកនេះ។ ក្នុងនោះ កម្ពុជាបានប្រែក្លាយពីប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារមីន ទៅជាប្រទេសឈានមុខគេក្នុងការបោសសំអាត ការគ្រប់គ្រងព័ត៌មាន និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។

បន្ថែមលើនេះ កម្ពុជាបន្តរួមចំណែកក្នុងការបោសសម្អាតមីន ក្រោមក្របខ័ណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយប្រតិបត្តិករជាតិ-អន្តរជាតិប្រចាំកម្ពុជា ក៏បានចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនជាសកល តាមរយៈការបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសរងគ្រោះដោយសារមីនផ្សេងទៀត។

ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ទៀតថា កម្ពុជាទទួលបានជោគជ័យលើវិស័យសកម្មភាពមីន គឺដោយសារការគាំទ្រយ៉ាងពេញទំហឹង និងឆន្ទៈដ៏មុះមុតរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បច្ចុប្បន្ន ក្នុងនោះផងដែរ ក៏មានការចូលរួមចំណែកមិនអាចកាត់ថ្លៃបានពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកឡើងអំពីភាពស្មុគស្មាញ និងបញ្ហាប្រឈមនានាចំពោះបញ្ហាមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងបង្កគ្រោះថ្នាក់ដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា ព្រមទាំងត្រូវការពេលវេលា និងធនធានច្រើនសម្រាប់ធ្វើការដោះស្រាយ។ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជា នឹងបន្តធ្វើការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈកិច្ចសហប្រតិបត្តិការ ការសន្ទនា និងផ្អែកលើទិដ្ឋភាពបច្ចេកទេស ជាមួយប្រទេសជិតខាង ដើម្បីធានាបាននូវសុខសុវត្ថិភាព។

លោកស្រី Izumi Nakamitsu បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយលោកស្រី បានចាត់ទុកកិច្ចការបោសសម្អាតមីន គឺជាបន្ទុកដ៏ធំរបស់កម្ពុជាដែលត្រូវដោះស្រាយ។ ដោយឡែក ពាក់ព័ន្ធនឹងជម្លោះរវាងកម្ពុជា-ថៃ លោកស្រី Izumi Nakamitsu បានសំណូមពរឱ្យភាគីទាំងពីរធ្វើការដោះស្រាយដោយសន្តិវិធី៕