សម្តេចតេជោ៖ ការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ក្នុងរង្វង់ជាង ១ ០០០ លានដុល្លារ គឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការវិលត្រឡប់របស់កាណាដាសារជាថ្មី ក្នុងការដាក់និវេសនដ្ឋានស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដា ចំពោះទំនាក់ទំនងជាមួយប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងចាត់ទុកវត្តមានរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតកាណាដា នឹងជំរុញទំនាក់ទំនងការទូតរវាងកម្ពុជា និងកាណាដាឱ្យកាន់តែរីកចម្រើន។ សម្ដេចតេជោក៏បានសម្ដែងនូវការរីករាយផងដែរ ចំពោះការវិលត្រឡប់របស់កាណាដាសារជាថ្មីក្នុងការដាក់និវេសនដ្ឋានស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដា ចំពោះទំនាក់ទំនងជាមួយប្រទេសកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម Christian DesRoches បានសម្ដែងនូវការអរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ដែលបានអនុញ្ញាតឱ្យឯកឧត្ដម និងសហការី បានជួបសម្ដែងការគួរសម។ ឯកឧត្ដម បានបង្ហាញនូវការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា ហើយឯកឧត្ដមផ្ទាល់ក៏ជាអ្នកស្រឡាញ់ចំពោះប្រទេសកម្ពុជា ដែលឯកឧត្ដមផ្ទាល់បានរៀនភាសាខ្មែរ ហើយបានចេះនិយាយភាសាខ្មែរ។ ឯកឧត្ដមសង្ឃឹមថា វត្តមានរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតនៅប្រទេសកម្ពុជានេះ នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្វើយ៉ាងណាជួយជ្រោមជ្រែងទំនាក់ទំនងកម្ពុជា និងកាណាដាឱ្យកាន់តែមានភាពសកម្ម និងរីកចម្រើន។ ឯកឧត្ដមឯកអគ្គរដ្ឋទូតកាណា ក៏បានលើកឡើងអំពីទំនាក់ទំនងនៅក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ដែលក្នុងរយៈពេលចុងក្រោយនេះ គឺមានភាពរីកចម្រើនគួរកត់សម្គាល់នូវការកើនឡើងជាលំដាប់ ដែលស្របជាមួយគ្នាទៅនឹងទំនាក់ទំនងទ្វេភាគី ផ្នែកនយោបាយ ក៏ដូចជា ការទូត រវាងកម្ពុជា និងកាណាដា។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយចំពោះការលើកឡើងរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូត ជាពិសេសនូវការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ដែលក្នុងពេលកន្លងទៅនេះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងដល់ទៅជាង ១ ០០០ លានដុល្លារអាម៉េរិក ដែលសម្ដេចតេជោបានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្ម ដែលមានប្រមាណជាង ១ ០០០ លានដុល្លារនេះ គឺមិនមែនជារឿងសាមញ្ញទេដែលប្រទេសនៅឆ្ងាយពីគ្នា ក៏ប៉ុន្តែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ជាង ១ ០០០ លានដុល្លារជាមួយគ្នា នេះគឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ។

សម្ដេចតេជោប្រមុខរដ្ឋស្ដីទីសង្ឃឹមថា កម្ពុជា និងកាណាដា នឹងរួមសហការគ្នាបន្ថែមទៀត ដើម្បីពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរមកហើយៗដែលមកដល់ពេលនេះនូវតែរក្សាបានទំនាក់ទំនងដ៏ល្អ និងជាផ្នែកដល់ការរុញច្រានទំនាក់ទំនងដទៃទៀតទាំងផ្នែកពាណិជ្ជកម្ម វិនិយោគ ជាពិសេសការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្ដមឯកអគ្គរដ្ឋទូតកាណាដា ក៏បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោសារជាថ្មី ជាពិសេសឯកឧត្ដមចាប់អារម្មណ៍ចំពោះការលើកឡើងបស់សម្ដេចតេជោ ហើយតួអង្គរបស់សម្ដេចតេជោឯកឧត្ដមមិនមែនត្រឹមតែចាប់អារម្មណ៍នៅពេលនេះទេ តាំងពីឯកឧត្ដមនៅកាណាដាមកម្ល៉េះ ដោយឯកឧត្ដមបានសិក្សាប្រវត្តិពីការតស៊ូរបស់សម្ដេចតេជោ ចំពោះព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមឯកអគ្គរដ្ឋទូតកាណាដា ក៏បានលើឡើងថា ឯកឧត្ដម នឹងជំរុញបន្ថែមទៀតនូវអ្នកវិនិយោគកាណាដាមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិដែលឯកឧត្ដមជាឯកអគ្គរដ្ឋទូតនេះ ធ្វើយ៉ាងណាកៀរគរឱ្យអ្នកវិនិយោគកាណាដាមកកាន់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើន។

ឯកឧត្ដមឯកអគ្គរដ្ឋទូតកាណាដាបានលើកឡើងដែរថា នៅពេលនិយាយដល់ការវិនិយោគនៅកម្ពុជា គេនិងនឹកឃើញនៅ ABA ដែលជាធនាគាររបស់កាណាដា ដែលនេះជាផ្លែផ្កាមួយ ហើយឯកឧត្ដម នឹងជំរុញបន្ថែមទៀតទៅកាន់អ្នកវិនិយោគកាណាដា មកកាន់កម្ពុជា៕