(កែប) ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងពន្ធលើចំណេញមូលធន នៅសាខាពន្ធដារខេត្តកែប។
សិក្ខាសាលាដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញ ខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ទូទាំងខេត្ត។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍របស់លោកស្រី ផល សុរី ប្រធានសាខាពន្ធដារខេត្ត ឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារនាពេលកន្លងមក។
ជាមួយនេះ ដើម្បីឲ្យការងារប្រមូលពន្ធកាន់តែមានការរីកចម្រើន ប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយបន្ថែមទៀត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដាក់ចេញនូវគោលការណ៍ណែនាំចំនួន ៩ចំណុច រួមមាន៖ ១. ត្រូវយកចិត្តទុកដាក់តាមដាន និងស្តាប់ការធ្វើបទបង្ហាញ ចោទសួរ និងពិភាក្សាគ្នាឲ្យបានផុសផុល ២. សាខាពន្ធដារត្រូវបន្តខិតខំផ្តល់សេវាជូនអ្នកជាប់ពន្ធឲ្យកាន់តែល្អប្រសើរ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពបន្ថែមទៀត ៣. ត្រូវបន្តថែរក្សាប្រពៃណី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជិតស្និទ្ធរវាង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារក្នុងអង្គភាពឲ្យបានល្អ ៤. ត្រូវអនុវត្តតាមគោលការណែនាំរបសរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយភាពទទួលខុសត្រូវ ៥. ត្រូវខិតខំប្រមូលពន្ធតាមមុខងារ និងតាមប្រភេទនៃអ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ ៦. ត្រូវបន្តសហការ និងបង្កលក្ខណៈល្អជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ៧. អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ស្រុក ត្រូវសហការផ្តល់ព័ត៌មានផ្តល់ទិន្នន័យជូនគ្នាទៅវិញទៅមកឲ្យបានល្អ ៨. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវសហការផ្តល់ទិន្នន័យ និងសំណុំឯកសារថតចម្លងដីដែលបានចុះបញ្ជីជាប្រពន្ធ(អំណោយពីរដ្ឋដែលមិនឆ្លងយន្តការប្រថាប់ត្រា) និងដីដែលមានទំហំលើពី៥ហិកតាឡើងទៅ មកសាខាពន្ធដារខេត្ត ដើម្បីតាមដានការបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ប្រចាំឆ្នាំ ៩. រដ្ឋបាលឃុំ សង្កាត់ ត្រូវសហការផ្តល់ទិន្នន័យ និងសំណុំឯកសារថតចម្លងនៃកិច្ចសន្យាជួលផ្ទះ និងដីមកសាខាពន្ធដារខេត្ត ដើម្បីតាមដានការបំពេញកាតព្វកិច្ចពន្ធលើឈ្នួលអចលនទ្រព្យ ឬជំរុញភាគីអ្នកជួលផ្ទះ និងដីមកបំពេញកាតព្វកិច្ចបង់ពន្ធលើឈ្នួលផ្ទះ និងដីនៅសាខាពន្ធដារខេត្ត៕



