នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី៥ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង៣ ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ផងដែរ។
សូមជម្រាបថា កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលើកទី៥ នាពេលនេះគឺដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួនបីគឺ៖ ទី១)របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រីវិស័យបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ទី២)សេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំរំកិល(២០២៦-២០២៨) រួមទាំងផែនការសកម្មភាពឆ្នាំ២០២៦ និងទី៣)ការពិភាក្សាដោយមានការចូលរួមពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍លើគ្រោងប្លង់សម្រាប់ការអភិវឌ្ឍទំនប់អូររំដួលនៃសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍។
ក្រុមការងារត្រី-វិស័យ កសិកម្ម ទឹក ជនបទ គឺជាយន្តការសម្របសម្រួលអន្តរក្រសួង ដែលបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន ព្រមទាំងបង្កើតភាពធន់ និងជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ចូលរួមចំណែកអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការសម្របសម្រួលឱ្យមានភាពបន្ស៊ីគ្នារវាងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ៕


