ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងមជ្ឈមណ្ឌល GICHD ក្នុងសកម្មភាពមីនមនុស្សធម៌


នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជំនួបទ្វេភាគីជាមួយ ឯកឧត្តមអគ្គរដ្ឋទូត Tobias Privitelli នាយកមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD)។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ GICHD ដែលជាដៃគូយូរអង្វែងរបស់កម្ពុជាក្នុងសកម្មភាពមីន និងបានគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានរៀបរាប់អំពីស្ថានភាពនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងការលំបាករបស់ពលរដ្ឋកម្ពុជា ដែលបានក្លាយជាជនភៀសសឹកដោយសារការវាយប្រហាររបស់ថៃ និងការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផលប៉ះពាល់រយៈពេលយូរ ដែលកំពុងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវដោះស្រាយ។

ឯកឧត្តមអគ្គរដ្ឋទូត Tobias Privitelli បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកម្ពុជាក្នុងសកម្មភាពមីន ជាពិសេសសកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០២៤។ មជ្ឈមណ្ឌល GICHD ប្តេជ្ញាបន្តភាពជាដៃគូ និងគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមអគ្គរដ្ឋទូត Tobias Privitelli បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនស៊ីវិល និងការខូចខាតទ្រព្យសម្បត្តិ ហើយឯកឧត្តមអគ្គរដ្ឋទូត បានជំរុញឱ្យប្រទេសទាំងពីរបន្តដោះស្រាយដោយសន្តិវិធី និងគោរពតាមយន្តការដែលមានស្រាប់ ដើម្បីសន្តិភាពរវាងប្រទេសជិតខាងគ្នា៕