(ហ្សឺណែវ ប្រទេសស្វីស) ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជំនួបទ្វេភាគីជាមួយ លោកស្រី Caroline Worgotter ប្រធានអនុសញ្ញាសព្វាវុធនៃក្រសួងការបរទេសអូទ្រីស។
ក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសអូទ្រីស ដែលធ្លាប់បានជួយដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី២ (២០១១-២០១៦)។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យប្រទេសអូទ្រីស ពិចារណាគាំទ្រជាថ្មីដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដើម្បីកម្ពុជាអាចសម្រេចបាននូវចក្ខុវិស័យ “កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិពីសង្រ្គាម”។




