ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានក្រាបបង្គំទូលថ្វាយសារលិខិតសម្តែងនូវសេចក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គ បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីសោមន្សរីករាយឥតឧបមា ដែលបានទទួលដំណឹងថា ព្រះអង្គបានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលការយាងចូលជាសមាជិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រនេះ បានធ្វើឱ្យព្រះរាជកិត្តិនាមរបស់ព្រះអង្គកាន់តែល្បីសុសសាយ ស្ញប់ស្ញែង ពោរ ពេញទៅដោយសេចក្តីគោរពស្រឡាញ់ ពីសំណាក់ប្រជារាស្ត្រកម្ពុជា និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទាំងមូល មានមោទនភាពទទួលបាននូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តម នៅលើឆាកជាតិនិងអន្តរជាតិ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមមេត្តាប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះ ជន្មាយុយឺនយូរ និងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងព្រះរាជបេសកកម្មថ្មីនេះ នៅក្នុងបណ្ឌិតសភាវិទ្យាសាស្ត្រឯនាយសមុទ្រ។
សូមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជទាន មេត្តាទទួលនូវអភិវន្ទនកិច្ច និង កតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ»៕


