ឯកឧត្តម​ ថោ ជេដ្ឋា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ


នាព្រឹកថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងលោកជំទាវ លំ គន្ធារី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលនៃសំណង់អគារស្នាក់ការគណបក្សឃុំម្សាក្រងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាសក្ខីភាពបង្ហាញពីភាពរឹងមាំរបស់គណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ហើយក៏បានបង្ហាញឱ្យឃើញពីការត្រៀមលក្ខណៈរួចជាស្រេច ហើយជានិច្ចកាលតែងតែរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជាក្រោមមាគ៌ាដឹកនាំដ៏មោះមុត មានចក្ខុវិស័យច្បាស់លាស់ និងបានប្រកាន់ខ្ជាប់នូវគោលការណ៍ជាក់លាក់គឺ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ប្រជាធិបតេយ្យប្រមូលផ្តុំ មតិភាគតិចគោរពមតិភាគច្រើន»។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្តេចអនុប្រធាន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនដល់អង្គពិធី ព្រមទាំងបាននាំយកអំណោយជាកុំព្យូទ័រ១គ្រឿង និងម៉ាស៊ីនព្រីន១គ្រឿងសម្រាប់ប្រើប្រាស់ក្នុងស្នាក់ការគណបក្ស សៀវភៅកុមារចំនួន៣៥០ក្បាលសម្រាប់ដាក់ក្នុងបណ្ណាល័យ និងឧបត្ថម្ភដល់សមាជិកសមាជិកាសរុប ៥០០នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល។

សូមបញ្ជាក់ថា ក្នុងមូលដ្ឋានស្រុកស្ទោង សមាជិកគណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៥៨ ៨៨១នាក់ ស្រី ៣២ ៨៣៤នាក់ ក្នុងនោះឃុំម្សាក្រង មានសមាជិកគណបក្សប្រជាជនសរុបចំនួន ៤ ៣៦៨នាក់ ស្រី២ ៤៥២នាក់ ស្មើនឹង១ ៥៥៧គ្រួសារ។ សមិទ្ធផលសំណង់អគារគណបក្សប្រជាជនកម្ពុជាឃុំម្សាក្រងដែលទើបសាងសង់ថ្មីត្រូវបានរចនាឡើងមានរាងអក្សរ L (អិល) ព្រមទាំងបំពាក់គ្រឿងបរិក្ខារនានាក្នុងអគារដូចជា សាងសង់របង សាងសង់ផ្ទះបាយ ចាក់ដីបំពេញទីធ្លាគណបក្ស និងតុងតែងលម្អសួនជុំវិញអគារ៕