លោកជំទាវ មាន សំអាន ប្រធានគណ:កម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានប្រធានគណ:កម្មមាធិការកណ្តាល សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ចើញជាអធិបតីផ្តល់ជូនចង្ក្រានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ក្នុងឃុំក្រយា ស្ថិតក្នុងវត្តក្រយា ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
នាឱកាសនោះលោកជំទាវ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងប្រកបដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននិងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
លោកជំទាវកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ចការងារ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃស្រុកប្រាសាទបល្ល័ង្ក និងបានលើកឡើងពី ថ្ងៃគម្រប់ខួបលើកទី៤៧ (២ធ្នូ ១៩៧៨-២ ធ្នូ ២០២៥) ទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា មកជម្រាបជូនបងប្អូន ព្រោះវាជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស រួបរួមក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដែលបានដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
លោកជំទាវបានបញ្ជាក់ថា ការចែកចង្ក្រានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឱ្យយើងទាំងអស់គ្នាចូលរួមសន្សំសំចៃថាមពល និងការការពារបរិស្ថាន រួមចំណែកការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ។ ព្រមទាំងសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានការជឿជាក់ មុតមាំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី ដើម្បីបន្តជំរុញពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ។
បន្ទាប់មកលោកជំទាវ ក៏បានលើកឡើងអំពីសភាពការណ៍ព្រំដែន ជាពិសេសផ្លែផ្កាជាវិជ្ជមានគួរជាទីមោទនៈ នៃយុទ្ធសាស្ត្រស្ងាត់តែមិននៅស្ងៀម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនាំកម្ពុជាឱ្យចៀសផុតនៅដំណាក់កាលនេះ ពីវិនាសកម្មដ៏ធំធេង ដែលកើតចេញពីសមរភូមិសង្គ្រាមរវាងថៃ និងកម្ពុជា ដោយបានដឹកដៃភាគីថៃ ចូលក្នុងសមរភូមិការទូត ដោយមានអន្តរជាតិដឹងលឺ និងសមរភូមិផ្លូវច្បាប់ ដែលនេះជាសមរភូមិល្អបំផុត ដើម្បីធានាបាននូវការការពារបូរណភាពទឹកដីរបស់កម្ពុជា ដោយមិនមានការបង្ហូរឈាម និងសំណូមពរឱ្យពុកម៉ែបងប្អូនទាំងគ្នា ជឿទុកចិត្តលើការដឹងនាំរបស់សម្តេចទាំងទ្វេ ក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងភាពជឿនលឿន៕






















