ក្រសួងព័ត៌មាន កត់សម្គាល់ឃើញថាភាគីថៃ ផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ, មានគណនីហ្វេសប៊ុកជាច្រើនដែលថៃ ដាក់ឈ្មោះខ្មែរ និងសរសេរជាអក្សរខ្មែរ ដើម្បីផ្សាយព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យកម្ពុជាតបត


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា ភាគីថៃបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃច្រើនជុំវិញស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា ហើយជាមួយគ្នានេះ មានគណនីហ្វេសប៊ុកជាច្រើនដែលថៃបន្លំបង្កើតឡើងដោយដាក់ឈ្មោះខ្មែរ និងសរសេរជាអក្សរខ្មែរ ដើម្បីផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃ បំផ្លើស ដើម្បីញុះញង់ឱ្យយើងតបត, សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ កុំចែករំលែកបន្ត និងកុំជឿករណីមានការសង្ស័យ អាច Report គណនីទៅក្រុមហ៊ុនហ្វេសប៊ុក ឬប្លុកគណនីនោះតែម្តង។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏សូម​បងប្អូនសាធារណជនតាមដាន និងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ ដើម្បីទទួលបានព័ត៌មានពិត ត្រឹមត្រូវ។ ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន នឹងសហការជាមួយក្រសួង ការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបជាបន្តបន្ទាប់៕