នៅព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម។
ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម នឹងជំរុញសេដ្ឋកិច្ច និងសុខុមាលភាពប្រជាពលរដ្ឋរវាងប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រៃវែងរបស់កម្ពុជា និងខេត្តតៃនិញរបស់វៀតណាម ឱ្យបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រសមស្រប និងផែនការសកម្មភាពជាក់លាក់សំដៅសម្រួលដល់រំហូរទំនិញ សេវា នឹង សកម្មភាពធុរកិច្ច ជាពិសេស ក្នុងវិស័យដែលមានសក្តានុពលខ្ពស់ ដូចជា កសិកម្ម, កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃសម្រាប់ការនាំចេញជាដើម, ព្រមទាំង ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនេះ សបញ្ជាក់ពីភាពជិតស្និទ្ធនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព, មិត្តភាពជាប្រពៃណី និង ការជឿទុកចិត្តគ្នាទៅវិញទៅមកដែលបាន និង កំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះ ឱ្យក្លាយជាព្រំដែនសុខសន្តិភាព, ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ, សេវា, និងជាព្រំដែន ដែលមានការអភិវឌ្ឍរីកចម្រើន
សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនកិច្ចពិភាក្សាបញ្ចូលច្រកនេះ ទៅក្នុងបញ្ជីច្រកព្រំដែន ស្របតាមកិច្ចព្រមព្រៀងស្ដីពី ទំនិញឆ្លងកាត់ និងបញ្ចូលច្រកនេះ ទៅក្នុងពិធីសារសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងស្តីពី ការដឹកជញ្ជូនផ្លូវគោក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខណៈដែលសកលលោក និងតំបន់ ក៏ដូចជាកម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់, ឆ្លុះបញ្ចាំងតាមរយៈការកើនឡើងភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច, ការកើនឡើងកាន់តែខ្លាំងនៃគោលនយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្ម, ការបន្តនិន្នាការថមថយនៃកំណើនសេដ្ឋកិច្ចសកល និងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ, កម្ពុជាចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងអភិបាលកិច្ច និង សមត្ថភាពស្ថាប័ន ដើម្បីកសាងបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលស្អាត ស្អំ ឆ្លាតវៃ និងមានសមត្ថភាពខ្លាំងពូកែ សំដៅការពារមាតុភូមិ ឱ្យមានសុខសន្តិភាព ប្រកបដោយមនសិការស្នេហាជាតិ, ដោះស្រាយបញ្ហាសង្គមប្រកបដោយភាពស័ក្តិសិទ្ធ និងប្រសិទ្ធភាព និងអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់, បរិយាប័ន្ន និង ចីរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងព្រំដែនទាំងអស់ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិថ្មីនាពេលនេះ បង្ហាញអំពីសមិទ្ធផលដែលមានតម្លៃជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការរីកចម្រើនផ្នែកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើគ្រប់វិស័យ និង គ្រប់ទីកន្លែង សំដៅប្រែក្លាយតំបន់ព្រំដែន ឱ្យក្លាយជា «តំបន់នៃឱកាស» សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយជឿជាក់ថា ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា, កម្ពុជា និង វៀតណាម នឹងបន្តរក្សា
ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និង មានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះតរៀងរហូតដល់អ្នកជំនាន់ក្រោយ៕













































