ឯកឧត្តម ថង សាវុន អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨


នៅព្រឹកថ្ងៃទី៣១​ តុលា​ ឆ្នាំ២០១៧​ នេះ​ អាជ្ញាធរខេត្តរតនគិរី​ បានរៀបចំពិធីបើកបវេសនាកាលឆ្នាំសិក្សាថ្មី២០១៧-២០១៨​ ដោយមានការចូលរួមពីលោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្សប្រមាណជាង២,០០០​ នាក់​ នៅក្នុងវិទ្យាល័យសម្តេចឪ​ សម្តេចម៉ែ​ ក្រុងបានលុង​ ក្រោមអធិបតីភាពឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ ។
ថ្លែងនៅក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ​ ឯកឧត្តម​អភិបាលខេត្ត​ បានសម្តែងនូវសុទិដ្ឋិនិយម​ ចំពោះវិស័យអប់រំនៅក្នុងខេត្តរតនគិរី​ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ បានចាត់ទុកវិស័យអប់រំ​ គឺជាវិស័យអាទិភាពមុនគេបង្អស់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ​ ។​ ឯកឧត្តម​សង្កត់ធ្ងន់ថា​ កម្ពុជាបានផ្តើមចេញពីបាតដៃទទេ​ ហើយក្នុងនោះរាជរដ្ឋាភិបាលបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបណ្តុះធនធានមនុស្សឲ្យមានការយល់ដឹងក្រោយពីសង្រ្គាមបានបញ្ចប់​ ដូចជាតាមរយៈ​ ឲ្យអ្នកចេះច្រើនបង្រៀនអ្នកចេះតិច​ អ្នកចេះតិច​ បង្រៀនអ្នកមិនចេះ​ អ្នកមិនចេះ បង្រៀនអ្នកមិនចេះសោះ​ តែមកដល់បច្ចុប្បន្នយើងបានឆ្លងផុតដំណាក់កាលនេះ​ ហើយវិស័យអប់រំកំពុងតែមានការរីកចម្រើនជាបន្តបន្ទាប់​ ។​ តែមកដល់បច្ចុប្បន្នយើងបានឆ្លងផុតដំណាក់កាលនេះ ហើយវិស័យអប់រំកំពុងតែមានការរីកចម្រើនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានបង្ករឱកាសលើការផ្តល់សេវាអប់រំប្រកបដោយសមធម៌ ដោយមិនមានគិតអំពីនិន្នាការនយោបាយ សាសនា ឬប្រកាន់ជាតិសាសន៍ឡើយ ។ ឯកឧត្តម​ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ គ្រប់កម្រិតសិក្សា ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សានុសិស្សដោយមិនខ្លាចនឿយហត់ ទោះបីជាពេលខ្លះទទួលរងសម្ពាធពីមជ្ឈដ្ឋានខាងក្រៅយ៉ាងណាក៏ដោយ ។
សូមបញ្ជាក់ថា នៅក្នុងការបើកបវេសនកាលនេះផងដែរ ឯកឧត្តម​ ថង សាវុន អភិបាលខេត្ត​ បានរៀបចំជាវត្ថុអនុស្សាវរីយ៍មួយចំនួនជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាពិសេសរៀបចំក្រុមជាងដើម្បីកាត់សក់ជូនសិស្សដោយឥតគិតថ្លៃផងដែរ ។