សម្ដេចតេជោ ហ៊ុន សែន ផ្ដល់កាដូដ៏ធំមួយទៀតជូនជនរួមជាតិ គឺប្រកាសទិញស្ពានឆ្លងកាត់ដៃសមុទ្រនៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ ធ្វើដំណើរមិនបាច់បង់ប្រាក់ទៀតឡើយ


(កោះកុង)៖​ កាដូធំមួយទៀតហើយដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់ជូនជនរួមជាតិ នាឱកាសព្រះរាជពិធី បុណ្យអុំទូក គឺរាជរដ្ឋាភិបាលបានប្រកាសទិញ ស្ពានឆ្លងកាត់ដៃ សមុទ្រឆ្ពោះទៅកាន់ប្រទេសថៃ នៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ប្រាក់ទៀតឡើយ។ នេះជាការបញ្ជាក់របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់សម្ដេចនាប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ប្រាក់ នឹងធ្វើឡើងនៅវេលា ម៉ោង០០៖០០នាទីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយ​ឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បាន​សម្រេចទិញយក​​ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃដែល​វិនិ​យោគ​​ដោយ ក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់ ​ដោយ​​ពុំចាំបាច់បង់ថ្លៃ ចាប់ពី​ម៉ោង​០០៖០០​នាទី ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក​។

​ចំពោះកិច្ចការដែលនៅសេសសល់ សូមឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង​សេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន​ លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ​។

​ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការ​សម្រេចនេះ​៕​