ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា


នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា​ ក្នុងគោលបំណងដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី​ ក្នុងន័យចូលរួមចំណែកអភិវឌ្ឍលើវិស័យទេសចរណ៍​ និងវិស័យពាណិជ្ជកម្មតាមរយៈការវិនិយោគពីបណ្តាក្រុមហ៊ុននានារបស់ប្រទេសកាណាដា​ លើសក្តានុពុលដ៏សម្បូរបែបនៃធនធានវប្បធម៌ និងធម្មជាតិរបស់ខេត្តសៀមរាប។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាក៏មានតម្លៃសម្រាប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ហើយក៏សូមស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយស្ថានទូតកាណាដាប្រចាំកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនបន្ថែមទៀត នាពេលអនាគត៕