ក្រសួងការពារជាតិ៖ យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់ និងបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥៖

យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ១២:៥៩នាទីរំលងអាធាត្រចូល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានឈានបើកការបាញ់ប្រហារមកលើ កម្ពុជាកាន់តែខ្លាំងឡើង នៅភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៥៦ បាត់បង់ជីវិតចំនួន ២នាក់ ដោយសារគ្រាប់ផ្លោងរបស់យោធាថៃ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់ មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕