ក្រសួងការពារជាតិ៖ យោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖

យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃ បានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។ នៅវេលាម៉ោង០៥:៣០នាទី ដល់ម៉ោង០៦:១០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោងនេះយោធាថៃ នៅតែបន្តសកម្មភាពបាញ់នៅឡើយ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។

ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។

ទន្ទឹងនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន៕