(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី និងការប្រកាសអាសន្នអំពីលទ្ធភាពនៃការកើតឡើងនូវរលកយក្សស៊ូណាមិ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
តាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១១ និង១៥នាទីយប់ (ម៉ោងនៅប្រទេសជប៉ុន) មានគ្រោះរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ នៅភាគខាងកើតនៃខេត្ត Aomori ដែលធ្វើឱ្យមានការញ្ជួយខ្លាំងនៅខេត្ត Aomori, Hokkaido និងខេត្តIwate។ បន្ថែមលើនេះ អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្ន អំពីលទ្ធភាពនៃការកើតឡើងនូវរលកយក្សស៊ូណាមិនៅស្រុក មួយចំនួនក្នុងខេត្តខាងលើផងដែរ។
ក្រសួងការងារ បាននិងកំពុងតាមដានស្ថានការណ៍វិវត្តន៍នៃករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាន ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តដែលរងផលប៉ះពាល់ទទួលបាន ការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។
បន្ថែមលើនេះ ក្រសួងការងារ ក៏បានអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។
បើតាមក្រសួងការងារ ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនកម្មសិក្សាការី-ពលករជំនាញដែលរងផលប៉ះពាល់ ឬមានសំណួរ សូមទំនាក់ទំនងអនុព័ន្ធការងារ (ទូរស័ព្ទលេខ៖ ០៨០ ៣៣៦២ ៦១៦៨) ឬស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន (ទំព័រ Facebook: Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ៖ ០៨០ ៤៦៨៩ ៩៣៧៤) ឬនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ (ទំព័រ Facebook៖ ការិយាល័យរកការឱ្យធ្វើនៅបរទេសទី៣-Japan Office ឬទូរស័ព្ទលេខ៖ +៨៥៥ ៨៩ ៩៥៧ ៧៨៩) ឬក្រុមតេឡេក្រាម «សម្រាប់ពលករទេសន្តរប្រវេសន៍» ដែលមានតំណភ្ជាប់ https://t.me/KhmerMigrant Worker ឬ QR code ដូចមានភ្ជាប់ជូនក្នុងសេចក្ដីជូនដំណឹង៕


