បណ្ឌិត អ៊ាង សុផល្លែត ប្រារព្ធពិធីសូត្រមន្តសុំពរជ័យ ជូនវីរយុទ្ធជនការពារទឹកដីប្រឆាំងការឈ្លានពានរបស់យោធាថៃ និងរៀបចំដាល់អំបុកស្រូវថ្មី សម្រាប់ប្រគល់ជូនវីរកងទ័ពជួរមុខ


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ បានប្រារព្ធពិធីសូត្រមន្ត សុំពរ សុំជ័យជូនដល់វីរយុទ្ធជន ការពារទឹកដីប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ នៅវត្តព្រះធាតុបាស្រី ក្នុងភូមិសាស្ត្រឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃុំ។ ពិធីដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់បានរួមគ្នាសំពះបួងសួងទៅកាន់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមឱ្យទេវតា និងអង្គអ្នកតាថែរក្សាទឹកដី តាមជួយថែរក្សា និងប្រទានពរជ័យជូនដល់វីរកងទ័ពជួរមុខទាំងអស់ សូមឱ្យបានជួបប្រទះតែសេចក្តីសុខ សុវត្ថិភាពគ្រប់ប្រការ មានកម្លាំងកាយ កម្លាំងចិត្តមាំមួន និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តបំពេញកាតព្វកិច្ចដ៏ថ្លៃថ្លាក្នុងការការពារសន្តិភាព និងឯករាជ្យជាតិប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានដឹកនាំក្រុមការងារចុះរួមដាល់អំបុកប្រឆាំងនឹងសត្រូវឈ្លានពានស្របទៅតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្ស និងជាប្រធានព្រឹទ្ធសភា និងគាំទ្រដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសក្រុមការងារចុះនៅតាមមូលដ្ឋាន ជំរុញការដាល់អំបុកនៅតាមមូលដ្ឋាន និងនៅតាមវិទ្យាល័យនានា ដើម្បីបញ្ជូនទៅជូនដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារ និងប្រយុទ្ធតទល់ជាមួយយោធាថៃ ដែលបានឈ្លានពានដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជានៅតាមព្រំដែន។

ភ្ជាប់ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានប្រកាសចែកជូនស្រូវចំនួន ១តោន ក្នុង១ឃុំ និងវិទ្យាល័យដល់អាជ្ញាធរឃុំទាំងអស់ព្រមទាំងវិទ្យាល័យនានា នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ចូលរួមឧបត្ថម្ភស្រូវ ១តោនៗ ដើម្បីយកមកដាល់ជាអំបុក សម្រាប់នាំទៅប្រគល់ដល់វីរកងទ័ពយើងនៅសមរភូមិមុខផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ការធ្វើបែបនេះគឺជាការគាំទ្រដ៏សំខាន់របស់សមរភូមិក្រោយ ដល់វីរកងទ័ពនៅសមរភូមិខមុខ។ ដូច្នេះ សកម្មភាពនេះ គឺបានជំរុញ និងដាស់ស្មារតីដល់ប្រជាពលរដ្ឋ យុវជន យុវនារីខ្មែរគ្រប់ស្រទាប់វណ្ណៈ ចូលរួមជាស្មារតីរួមជាតិតែមួយជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ព ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃមកលើព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ​ពិធីនេះបានបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងធំធេងរបស់មន្ត្រីរាជការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងទ័ព ដែលជាខែលការពារជាតិ និងជាឆ្អឹងខ្នងការពារសុវត្ថិភាពជូនប្រជាជនកម្ពុជាទាំងមូល៕