អនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ ជាតំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកចែកជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ បានមានមតិផ្តាំផ្ញើដល់កងកម្លាំងនគរបាលជាតិទាំងអស់ដែលកំពុងឈរជើងជួរមុខ និងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ ត្រូវឈរលើស្មារតីការពារឲ្យបានដាច់ខាតនូវបូរណភាពទឹកដី ឲ្យបានគង់វង្ស និងសូមជូនពរដល់កងកម្លាំងទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច។
លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ក៏បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតរបស់លោកអភិសន្តិបណ្ឌិត ស សុខា និងនាយឧត្តមសេនីយ៍ ស ថេត ជូនដល់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារនាពេលកន្លងមករបស់កងកម្លាំងនគរបាលទាំងអស់ ក្នុងបេសកកម្មបម្រើ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ តាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល និងជូនពរសូមមានសុខភាពល្អ កម្លាំងពលំមាំមួន និងជោគជ័យគ្រប់ភារកិច្ច។
អំណោយរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ យកមកចែកជូនដល់ដៃកងកម្លាំងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ រួមមាន៖ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ៤វរៈ ក្នុង១វរៈ ៥លានរៀល សរុបចំនួន២០,០០០,០០០រៀល។ ឧបត្ថមកងកម្លាំងចំនួន ៥៧៥នាក់ ក្នុងម្នាក់២០ម៉ឺនរៀល សរុបចំនួន១១៥,០០០,០០០រៀល។
ស្បៀង ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ រួមមាន ទឹកក្រូចចំនួន ១៨០កេស, មីជាតិចំនួន ៤៥០កេសតូច, ត្រីខចំនួន ៤៥កេស, ត្រីងៀតចំនួន ១២៥គីឡូក្រាម, ត្រូវឆ្អើរចំនួន ១២៥គីឡូក្រាម, អង្ករចំនួន ៤១០០គីឡូក្រាម, ថ្នាំប៉ារ៉ាចំនួន ១០៥ប្រអប់, ថ្នាំរាគចំនួន ១០៥ប្រអប់, កាល់ស្យូម ចំនួន ៥៧៥ប្រអប់, បេរ៉ូកា ចំនួន ៥៧៥ប្រអប់, អាវការពារគ្រាប់ចំនួន ៤៥អាវ, អាវការពាររងារចំនួន២០០អាវ, ស្បែកជើងចំនួន ៥៧៥គូ និងអាវការពារគីមីចំនួន ១២៥០អាវ៕

















