ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ទទួលអំណោយពីសប្បុរសជន ដើម្បីត្រៀមរៀបចំបែងចែក ជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន


នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ខណៈសប្បុរសជនជាច្រើន បាននិងកំពុងបន្តនាំយកអំណោយទាំងនេះ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំបែងចែក ជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីក្រុមទាហានថៃ បានបាញ់ផ្លោងចូលឈ្លានពានបូរណៈភាពទឹកដីកម្ពុជា។

គិតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកទទួលអំណោយពីសប្បុរសជន បានរយៈពេល៤ថ្ងៃហើយ នៅសាលារាជធានីភ្នំពេញ ហើយអំណោយដែលទទួលបានមានដូចជា៖ ថវិកា មី ទឹកបរិសុទ្ធ អង្ករ មួក កន្ទេល នំក្រៀម មី ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ឆ្នាំង អំបុក ភួយ, ទឹកផ្លែឈើ និងទឹកក្រូច ក្រម៉ា ខោអាវជជុះ អាវរងារ និងថ្នាំពេទ្យជាដើម។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយ សប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋជាច្រើនមុខ ដែលបាន ចូលរួមឧបត្ថម្ភ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំបែងចែកជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួនទៅតាមមណ្ឌលសុវត្ថិភាពនានា។

រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។ មកដល់ពេលនេះ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ។

ជាមួយគ្នានេះដែរ លោក ហ៊ុន សុរិទ្ធី, លោកស្រី តិមា វិច្ឆិកាល លោក ឯក ឃុនដឿន និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានបន្តទទួលអំណោយពីសប្បុរសជននានាផងដែរ។

តាមសេចក្តីអំពាវនាវរបស់រដ្ឋបាល រាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹង កំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងប្រដាប់អាវុធថៃ ដែល នៅតែចិញ្ចឹមចិត្តឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ម្តងហើយម្តងទៀតឥតឈប់ឈរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា៕