លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ា គ្រុប បានចូលរួមយ៉ាងសកម្ម ដើម្បីជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក ដោយបានចូលរួមឧបត្ថម្ភថវិការចំនួន៣លានដុល្លារ តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមទាំងបានផ្តល់នូវទីតាំងសំខាន់ៗសម្រាប់ការចែកចាយនិងទទួលជំនួយឧបត្ថម្ភពីសប្បុរជន ក៏ដូចជាទីតាំងសម្រាប់ប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមជួយដល់វីរៈផងដែរ។
ការចូលរួមឧបត្ថម្ភនេះ គឺជាចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពជួរមុខរបស់កម្ពុជា និងដោះស្រាយបញ្ហាប្រឈមដែលគ្រួសារនានាកំពុងជួបប្រទះ ដោយបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) រួមទាំង ទីក្រុងកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងនរា បានក្លាយជាទីតាំងសំខាន់ៗសម្រាប់ទទួលជំនួយឧបត្ថម្ភពីសប្បុរជន ដើម្បីចែកចាយ ផ្តល់ជំនួយទៅដល់កងទ័ពនិងប្រជាជនកម្ពុជាតាមបណ្តោយព្រំដែន។ បន្ថែមពីលើការគាំទ្រជាថវិកា ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានជួយរៀបចំការបរិច្ចាគឈាមនៅតាមទីកន្លែងដូចជា សាលសន្និបាតកោះពេជ្រ ដែលអនុញ្ញាតឱ្យអ្នកបរិច្ចាគរាប់ពាន់នាក់ចូលរួមបរិច្ចាគឈាម ដែលរៀបចំដោយ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
លើសពីនេះទៅទៀត ធនាគារ កាណាឌីយ៉ា ដែលជាផ្នែកមួយនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានអនុវត្តការបន្ធូរបន្ថយបំណុល១០០% សម្រាប់ទាហានដែលរងផលប៉ះពាល់ និងក្រុមគ្រួសាររបស់ពួកគេ ស្របតាមការណែនាំពីធនាគារជាតិនៃកម្ពុជា។ ធនាគារ កាណាឌីយ៉ា ក៏បានប្រកាសការដំណើរការឡើងវិញនូវយុទ្ធនាការ «មូលនិធិខ្មែរតែមួយដើម្បីសន្តិភាព និងបូរណភាពទឹកដី» ដែលជាគំនិតផ្តួចផ្តើមមួយដែលបានចាប់ផ្តើមកាលពីខែកក្កដានេះ ដើម្បីលើកទឹកចិត្តដល់ការចូលរួម និងពង្រីកជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនបានផ្តល់ការគាំទ្របន្ថែមទៀត ដល់កុមារនៅក្នុងខេត្តព្រះវិហារ កាលពីខែវិច្ឆិកា ដែលរៀបចំដោយអង្គការ «World Vision Cambodia» ដោយផ្តល់ធនធានជាមូលដ្ឋាន ដើម្បីជួយកុមារបន្តរៀនសូត្រ ខណៈពេលដែលនៅឆ្ងាយពីផ្ទះ។
កាលពីដើមខែនេះ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) រួមជាមួយក្រុមហ៊ុនក្នុងស្រុកឈានមុខគេផ្សេងទៀត បានគាំទ្រការប្រគំតន្ត្រីសប្បុរសធម៌ «Rise For Khmer» នៅទីក្រុងប៉ារីស ដែលដឹកនាំដោយសិល្បករផលិតកម្មបារមីដូចជា Vann Da – វណ្ណដា, Vanthan – វណ្ណថាន, Norith – នរិទ្ធ, YuuHai – យូហៃ, និង Suzana Reth ដែលបានរៃអង្គាសថវិកាសង្គ្រោះសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយស្ថានភាពនេះ។
ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគចំនួន១ លានដុល្លារ ពីខែកក្កដា ដែលពង្រឹងការគាំទ្រជាបន្តបន្ទាប់ របស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងកាណាឌីយ៉ា គ្រុប សម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅព្រំដែន៕




