ឯកឧត្ដម ចាន់ ស៊ីណាត ដឹកនាំប្រតិភូ AIIB ទស្សនកិច្ចស្វែងយល់គម្រោងប្រព័ន្ធធារាសាស្ដ្រទំនើបកម្មគ្រប់ជ្រុងជ្រោយស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ


នៅថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំប្រតិភូ AIIB ដឹកនាំដោយលោកស្រី Xiaolan Wang ទស្សនកិច្ចស្វែងយល់ដល់ទីតាំងជាក់ស្ដែងគម្រោងប្រព័ន្ធធារាសាស្ដ្រទំនើបកម្មគ្រប់ជ្រុងជ្រោយស្ទឹងជីនិត ដែលអនុវត្តក្រោមហិរញ្ញប្បទានរបស់ធនាគារ ADB ស្ថិតក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ។

ក្នុងដំណើរបេសកកម្ម ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍បង្ហាញប្រតិភូពីស្ថានភាពតំបន់ភូមិសាស្ដ្រ និងសារៈសំខាន់នៃប្រព័ន្ធធារាសាស្ដ្រទំនើបកម្មគ្រប់ជ្រុងជ្រោយស្ទឹងជំនិតនេះ ដែលបានផ្ដល់នូវទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំស្រូវ និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករ ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យទេសចរណ៍នៅក្នុងតំបន់ផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា គណៈប្រតិភូបានស្វែងយល់ប្រព័ន្ធធារាសាស្ដ្រស្ទឹងជីនិតនេះដើម្បីធ្វើជាគំរូសម្រាប់អនុវត្តន៍គម្រោងក្រោមហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) លើវិស័យធនធានទឹកប្រកបដោយគុណភាព ស័កិ្ដសិទ្ធិភាព និងទំនើបកម្ម។ ឯកឧត្ដមរដ្ឋលេខាធិការក៏បានស្នើដល់ប្រតិភូធនាគារ AIIB ផ្ដល់ការវិនិយោគបន្ថែមលើវិស័យធនធានទឹក ដែលជាមុំមួយនៃយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕