នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ ផ្តល់កម្លាំងចិត្ត និងនាំយកថវិកាសម្ភារៈ ឧបត្ថម្ភដល់វីរកងកម្លាំងនគរបាលជាតិ និងវីរកងទ័ព ដែលបានរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីសង្គ្រាមឈ្លានពានរបស់ទាហានថៃ ហើយកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ស ថេត បានសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់វីរកងកម្លាំងនគរបាលជាតិ និងវីរកងទ័ព និងសូមជូពរឱ្យឆាប់បានជាសះស្បើយពីរបួសផងដែរ។
បើតាមនាយឧត្ដមសេនីយ៍ ស ថេត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ ក៏ដូចជាជីវភាពរស់នៅរបស់កងកម្លាំង មិនថាកងកម្លាំងនគរបាលជាតិ ឬកងកម្លាំងយោធពលខេមរភូមិន្ទ។
ក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់សាច់ស្រស់ ឈាមស្រស់របស់កងកម្លាំងយើង ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដែលការលះបង់ដ៏ធំធេងនេះ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំ និងដឹងគុណជានិច្ចមិនអាចបំភ្លេចបាន។
ដើម្បីជាការលើកទឹកចិត្ត នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម្ភដល់វីរនគរបាលការពារព្រំដែន ចំនួន២នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៥លានរៀល ទឹកសុទ្ធចំនួន៥កេស ទឹកក្រូចចំនួន៥កេស មីចំនួន៥កេស និងផ្លែឈេីមួយកន្ត្រក។ ជាមួយគ្នានោះ តាមរយៈនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានឧបត្ថម្ភថវិកាដល់វីរនគរបាលការពារព្រំដែន ក្នុងម្នាក់ៗទទួលបាន ១០លានរៀល។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានឧបត្ថម្ភថវិកាដល់វីរកងទ័ពចំនួន១០នាក់ ក្នុងនោះម្នាក់រងរបួសធ្ងន់ចំនួន២លានរៀល និងអ្នករងរបួសស្រាល៩នាក់ ក្នុងម្នាក់១លានរៀល។ ឧបត្ថម្ភដល់ព្រះសង្ឍមួយអង្គ ចំនួន២លានរៀល និងជនភៀសសឹកម្នាក់ថវិកាចំនួន២លានរៀល ដែលរងរបួសធ្ងន់បញ្ជូនមកពីព្រំដែននិងកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់៕






































