ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងឌទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក អនុសេនីយ៍ត្រី ណាត់ ស៊ីជីង អត្តលេខ ២៤២១៨២ បម្រើនៅវរសេនាតូចថ្មើជើងលេខ៣១២ កងពលតូចលេខ៣១ យោធភូមិភាគលេខ៣ ដែលបានពលីនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៣:៥០នាទីរសៀល ក្នុងជុន្មាយុ ៣៧ឆ្នាំ។
ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន មានសេចក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមាក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់នូវសាច់ញាតិ ដែលជាវីរកងទ័ពក្លាហាន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក លោកអនុសេនីយ៍ត្រី ណាត់ ស៊ីជីង ធ្លាប់មាន គុណូបការៈខ្ពស់ចំពោះក្រុមគ្រួសារ ញាតិមិត្ត និងបងប្អូនទាំងអស់ ហើយនេះគឺជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏អង់អាចក្លាហានមួយរូប ដែលតែងតែលះបង់កម្លាំងកាយចិត្ត ហ៊ានបូជាឈាមស្រស់ សាច់ស្រស់ ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានៃយើង៕















