នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការ តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតត្រឡប់ពីប្រទេសថៃ មកបន្តការសិក្សានៅកម្ពុជា ក្រោមអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ នាយក និងតំណាងគ្រឹះស្ថានឧត្តមសិក្សា និងសមាជិកគណៈកម្មាធិការអាហារូបករណ៍ ប្រធាន អនុប្រធាន សមាជិកក្រុមការងារអាហារូបករណ៍ អ.ម.ត ផងដែរ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាព និងបានផ្តល់អាហារូបករណ៍បន្តការសិក្សានៅកម្ពុជាដល់និស្សិតដែលបានសិក្សានៅប្រទេសថៃ និងសម្រេចចិត្តវិលត្រឡប់មកកម្ពុជា ដែលនេះជាការវិនិយោគដ៏ថ្លៃថ្លាលើការកសាងមូលធនមនុស្សដើម្បីអនាគតប្រទេសជាតិ។
សូមបញ្ជាក់ថា ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣នៃព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់ក្មួយៗដែលរងសម្ពាធ និងត្រូវបានគេរើសអើសក្នុងប្រទេសថៃ បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជាថៃ សូមវិលត្រឡប់មកសិក្សានៅប្រទេសកម្ពុជាវិញ ដោយសម្តេចនឹងឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់ក្មួយៗនិស្សិត។
តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការសម្របសម្រួលបានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីនិស្សិត គិតត្រឹមបច្ចុប្បន្នសរុបចំនួន១,០៥៨ អង្គ/នាក់។ ជាមួយនឹងសំណើសុំខាងលើ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសម្របសម្រួល ទទួលយកនិស្សិតឱ្យចូលរៀនក្រោមអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ទៅតាមជំនាញដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា បានចំនួន ៥២២នាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន១៩។ ព្រមទាំបានផ្ទេរនិស្សិតត្រឡប់ពីប្រទេសថៃ មកបន្តការសិក្សានៅកម្ពុជា ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត។
បច្ចុប្បន្ន គណៈកម្មាធិការអាហារូបករណ៍ បាននិងកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួង អប់រំ យុវជន និងកីឡា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងបណ្តាគ្រឹះស្ថានឧត្តមសិក្សា ដើម្បីធ្វើបច្ចុប្បន្នភាពនិស្សិត ក្នុងប្រព័ន្ធឌីជីថលរបស់គណៈកម្មាធិការអាហារូបករណ៍ សំដៅធ្វើយ៉ាងណាឱ្យនិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងក្របខ័ណ្ឌអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងទទួលបានផ្លែផ្លាក្រោយពេលបញ្ចប់ការសិក្សា៕




















