អភិបាលខេត្តស្ទឹងត្រែង ដឹកនាំផ្ទាល់រៀបចំពិធីបុណ្យសពវីរកងទ័ពអនុសេនីយ៍ឯក ឈន ឡងឌី ដែលពលីការពារទឹកដីពីការឈ្លានពានរបស់យោធាសៀម នៅខេត្តព្រះវិហារ


ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំផ្ទាល់រៀបចំពិធីបុណ្យសពវីរកងទ័ពអនុសេនីយ៍ឯក ឈន ឡងឌី នាយរងផ្នែកសុខាភិបាល នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពថៃ នៅទិសមុំបី ខេត្តព្រះវិហារ។

ពិធីបុណ្យសពវីរកងទ័ព អនុសេនីយ៍ឯក ឈន ឡងឌី បានរៀបចំឡើងគេហដ្ឋានស្ថិតនៅភូមិ អូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ លោកបានពលីក្នុងប្រយុទ្ធការពារទឹកដីពីការឈ្លានពានដោយកងទ័ពថៃ នៅទិស មុំបី ខេត្តព្រះវិហារ។ ខណៈសពអនុសេនីយ៍ឯក ឈន ឡងឌី បានទៅដល់គេហដ្ឋាននៅវេលាម៉ោង ៩:៣៥ នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ ស្ថិតនៅភូមិ អូរស្វាយ ឃុអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ឯកឧត្តម សរ សុពុត្រា បានលើកឡើងចំពោះវីរភាពរបស់អនុសេនីយ៍ឯក ឈន ឡងឌី «យើងទាំងអស់គ្នានឹងចងចាំជានិច្ចពីការលះបង់ និងពលីកម្មក្នុងការប្រយុទ្ធជាមួយសត្រូវឈ្លានពាន ដើម្បីការពារប្រជាជន និងការពារដែនអធិបតេយ្យជាតិ យើងទាំងអស់គ្នា ពិតជាក្តុកក្តួល និងក្រៀមក្រំបំផុត នៅពេលទទួលបានព័ត៌មានពីសមរភូមិមុខមកចំពោះការបាត់បង់ជីវិតយុទ្ធមិត្ត អនុសេនីយ៍ឯក ឈន ឡងឌី នាយរងផ្នែកសុខាភិបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលបានពលីនៅសមរភូមិទិសមុំបី ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥»