ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកស្រី ហ្វ្លាវៀ រ៉ូមីទី (Flavia Romiti) ប្រធានកម្មវិធីយុត្តិធម៌ព្រហ្មទណ្ឌ និងជាតំណាងការិយាល័យអង្គការ សហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ដឹកនាំគណៈប្រតិភូមកពីបណ្តាប្រទេសចំនួន៧ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ និងស្វែងយល់អំពីយន្តការ និងវិធានការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងការស្វាគមន៍ និង ឧទ្ទេសនាម ជូនគណៈប្រតិភូនៃបណ្តាប្រទេសដែលបានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមការរៀបចំរបស់UNODC សហការជាមួយក្រសួងយុត្តិធម៌កម្ពុជា និងជំនួយឧបត្ថម្ភហិរញ្ញវត្ថុពី ក្រសួងយុត្តិធម៌សាធារណកូរ៉េ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនគណៈប្រតិភូអំពីសភាពការណ៍ និង ការវិវត្តនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានការរីករាលដាលកាន់តែខ្លាំងឡើង ចាំបាច់តម្រូវឱ្យមានយន្តការ និងកិច្ចសហប្រតិបត្តិការរួមគ្នា ជាលក្ខណៈអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅដើមឆ្នាំ២០២៥នេះ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) នេះឡើង ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាការបង្ហាញនូវឆន្ទៈច្បាស់លាស់និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសម្អាត និង បង្ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មការចំពោះកិច្ច (គបឆប) គឺជាបញ្ជាការដឹកនាំ សម្របសម្រួល អនុវត្តវិធានការ ស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការ គ្រប់យន្តការពាក់ព័ន្ធ និង ទំនាក់ទំនងសហប្រតិបត្តិការជាមួយ បណ្តាប្រទេស និង អង្គការអន្តរជាតិ ។
ជាការឆ្លើយតប លោកស្រី ហ្វ្លាវៀ រ៉ូមីទី (Flavia Romiti) បានថ្លែងការកោតសរសើរការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មផ្សេងៗទៀតដោយបើកចំហរ និងស្មោះត្រង់។ លោកស្រី ក៏បានគូសបញ្ជាក់អំពីគោលបំណងចម្បងរបស់ លោកស្រីក្នុងការដឹកនាំគណៈប្រតិភូក្នុងជំនួបនេះ គឺចង់ឱ្យមានការសហការ ជិតស្និទ្ធរវាងUNODC ប្រតិភូពីបណ្តាប្រទេសនានាជាមួយគ.ប.ឆ.ប. ស្វែងយល់ បន្ថែមអំពីការងារអាទិភាពរបស់ គ.ប.ឆ.ប. និងការផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកឱកាសសហការឱ្យកាន់តែប្រសើរចំពោះឧក្រិដ្ឋកម្មមួយចំនួន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។ ទន្ទឹមនេះ លោកស្រី បានបន្ថែមថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាចំណុចស្នូល នៃបទល្មើសបច្ចេកវិទ្យា រួមទាំងអំពើជួញដូរមនុស្ស ជួញដូរគ្រឿងញៀន សម្អាតប្រាក់ ជាដើម។
ភាគីទាំង២ បានផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការរឹងមាំ ជួយគ្នាទៅវិញទៅមក ដើម្បីធានាទទួលជោគជ័យ លើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕





