អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានបង្ហាញការសោកស្តាយ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ទង្វើរបស់យោធាថៃ ដែលបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកកបំផ្លាញស្ពានមេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ ដែលកំពុងបម្រើដល់ការរស់នៅរបស់ប្រជាជនប្រចាំថ្ងៃ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា នៅចំពោះស្ថានភាពបែបនេះ ក្រសួងសាធារណការ កំពុងរង់ចាំការអនុញ្ញតពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។
ស្ពានជ័យជំនះ(ស្ពានមេទឹក)ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ។
ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនិមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហុនចិន CRBC។ ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ កងទាហានថៃ បាននិងកំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅដូចខាងក្រោម៖
* ម៉ោង០៥៖៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។
* ម៉ោង០៥៖៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។
* ម៉ោង០៦ ៖០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។
* ម៉ោង០៦៖០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
* ម៉ោង០៦៖១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់៕




















