ថ្នាក់ដឹកនាំខេត្តកំពត ដឹកនាំប្រតិភូខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធ និងបូជាសពវីរកងទ័ពព្រិន្ទបាលឯក មាស យ៉ា ដែលពលីជីវិតនៅសមរភូមិមុខទិសថ្មដា ខេត្តពោធិ៍សាត់


ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត រួមជាមួយប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ ចូលរួមដោយក្ដីគោរព និងក្ដុកក្ដួលបំផុត ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីបូជាសពវីរកងទ័ព ព្រិន្ទបាលឯក មាស យ៉ា។ ដែលពិធីដ៏សោកសៅនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅកងពលលេខ៣១ ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានពាំនាំនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងទូទាំងខេត្តកំពត ជាមួយក្រុមគ្រួសារនៃសព។

ឯកឧត្តមក៏សូមសម្តែងនូវសេចក្តីសង្វេគយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត របស់លោកព្រិន្ទបាលឯក មាស យ៉ា ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាននៅសមរភូមិជួរមុខទិសថ្មដា ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ។ វីរកងទ័ពរូបនេះ បានបាត់បង់ជីវិតក្នុងពេលបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្ដម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ។

ការចូលរួមរបស់ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម តាក ហាប់ ព្រមទាំងគណៈប្រតិភូខេត្តកំពត នាពេលនេះ គឺដើម្បីសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងរបស់វីរយោធិនរូបនេះ ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកព្រិន្ទបាលឯក មាស យ៉ា សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕