សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដឹកនាំដោយលោក ងួន ណារ៉ា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនវីរកងទ័ពជួរមុខកម្ពុជា និងប្រជាពលរដ្ឋភៀសសឹកដោយការឈ្លានពានរបស់យោធាថៃ។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដោយអភិបាលរងរាជធានី និងដោយមានការចូលរួមពីឧត្តមសេនីយ៍ស្នងការនរគបាលរាជធានី និងឧត្តមសេនីយ៍មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលនាំមកជូនជូនវីរកងទ័ពជួរមុខ និងប្រជាជនរងគ្រោះដោយការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ រួមមានទឹកបរិសុទ្ធ ចំនួន ៥០០កេស, ភេសជ្ជៈគ្រុឌ ចំនួន ១៥០កេស, ភេសជ្ជៈ V.cola ចំនួន ១៥០កេស, អង្ករ ទម្ងន់ ៥តោន, មីជាតិចំនួន ៥០០កេស, សាច់គោងៀតឆ្អិន ចំនួន ២០០កញ្ចប់, អំបុកស្រូវថ្មី ចំនួន ៥០០កញ្ចប់, ទឹកត្រី ចំនួន ១០០យួរ, ទឹកស៊ីអ៉ីវ ចំនួន ១០០យួរ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងសប្បុរសជននានា ដែលបានបានចំណាយធនធានចូលរួមឧបត្ថម្ភ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីត្រៀមរៀបចំបែងចែកជូនវីរកងទ័ពជួរមុខកម្ពុជា និងប្រជាពលរដ្ឋភៀសសឹក ទៅតាមមណ្ឌលសុវត្ថិភាពនានា។
រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។ លោកបានសូមកោតសរសើរ ចំពោះទឹកចិត្តប្រជាពលរដ្ឋកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយខ្មែរ ស្រលាញ់ខ្មែរ៕

















