ក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលអូស្ត្រាលី បានរួមគ្នាប្រកាសដាក់ឲ្យប្រើប្រាស់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយថ្នាលព័ត៌មានអនឡាញ ដែលមានពីរភាសានេះ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកធុរកិច្ចកម្ពុជា និងអ្នកធុរកិច្ចអន្តរជាតិ មានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង១១របស់កម្ពុជា កាន់តែមានប្រសិទ្ធភាព។ ពិធីនេះ បានប្រព្រឹត្តធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមជាង២០០នាក់ រួមមាន តំណាងពីវិស័យឯកជន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនប្រឹក្សាឯកជន។
ដោយយកគំរូពីថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលី ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ផ្តល់ព័ត៌មានពេញលេញអំពីអត្រាពន្ធ នីតិវិធីចុះឈ្មោះ សម្រាប់អ្នកនាំចេញលើកដំបូង លក្ខខណ្ឌតម្រូវនៃផលិតផល និងវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើម។ ថ្នាលព័ត៌មាននេះ មានគោលបំណងជួយឱ្យធុរកិច្ច រួមមានសហគ្រាសធុនតូច និងមធ្យម អាចធ្វើការសម្រេចចិត្ត ដោយផ្អែកលើព័ត៌មាន ក្នុងការធ្វើពាណិជ្ជកម្មបានល្អប្រសើរ និងប្រើប្រាស់យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងទ្វេភាគី ក្នុងតំបន់ និងពហុភាគីរបស់កម្ពុជា។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វេទិកានេះ រួមចំណែកយ៉ាងសំខាន់ក្នុងការជំនះនូវឧបសគ្គ និងជួយសម្របសម្រួលពាណិជ្ជកម្មរវាង កម្ពុជា និងប្រទេសជាដៃគូរបស់ខ្លួន ព្រមទាំងជួយជំរុញសេដ្ឋកិច្ចជាតិទាំងមូល។ លើសពីនេះទៅទៀត ការដាក់ឲ្យប្រើប្រាស់នូវថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នេះប្រព្រឹត្តទៅចំពេលដ៏ល្អ ស្របពេលដែលកម្ពុជា រួមជាមួយរដ្ឋ ដែលជាសមាជិកអាស៊ាន និងដៃគូពាណិជ្ជកម្មរបស់អាស៊ាន បន្តការធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅ តាមរយៈការបន្តកិច្ចចរចារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកម្រឹតនៃកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី។
យោងតាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានរក្សានូវកំណើនយ៉ាងខ្លាំងរបស់ខ្លួនក្នុងឆ្នាំ២០២៥ ដោយសម្រេចបានក្នុងទឹកប្រាក់ចំនួន ៥៩,១៣ពាន់លានដុល្លាសហរដ្ឋអាមេរិក ក្នុងរយៈពេល១១ខែដំបូង គឺបានកើនឡើងចំនួន ១៧,០១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។
ដោយឡែក លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ខណៈពេលដែលកម្ពុជា ត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ការទាញយកអត្ថប្រយោជន៍អតិបរិមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺកាន់តែមានសារៈសំខាន់ក្នុងការបន្តកំណើនសេដ្ឋកិច្ច។ ថ្នាលព័ត៌មាននេះ នឹងជួយក្រុមហ៊ុនកម្ពុជាក្នុងការស្វែងយល់ និងធ្វើការប្រៀបធៀបអត្រាពន្ធ ព្រមទាំងការតាំងចិត្តលើគ្រប់កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជាផ្សេងៗទៀត ក៏ដូចជាការនាំចេញផលិតផលរបស់ពួកគេ ប្រកបដោយភាពប្រកួតប្រជែងទៅកាន់ទីផ្សារអន្តរជាតិ។ ថ្នាលព័ត៌មាននេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិផងដែរ។
ជាមួយគ្នានេះ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងរួមគ្នា តាមរយៈកិច្ចពិគ្រោះយោបល់ និងការសាកល្បងប្រើប្រាស់ ដែលមានការចូលរួមពីក្រសួងពាក់ព័ន្ធ សមាគមធុរកិច្ច និងតំណាងវិស័យឯកជន។ ថ្នាលព័ត៌មាននេះត្រូវបានបង្កើតឡើងក្រោមជំនួយបច្ចេកទេសពីអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។
ដើម្បីចូលទៅមើលថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺតាមរយៈគេហទំព័រក្រសួងពាណិជ្ជកម្ម។ ថ្នាលព័ត៌មាននេះ នឹងត្រូវបានធ្វើបច្ចុប្បន្នភាពបន្ថែមជាមួយកិច្ចព្រមព្រៀងថ្មីៗទៀត នាពេលអនាគត ដើម្បីជួយឱ្យអ្នកនាំចេញអាចឈានជើងចូលទីផ្សារថ្មី និងយល់ពីលក្ខខណ្ឌតម្រូវនៃកិច្ចព្រមព្រៀងនីមួយៗ។
អ្នកប្រើប្រាស់អាចចូលទៅកាន់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមរយៈលីងខាងក្រោម៖ https://ftaportal.moc.gov.kh/en/ ។ សម្រាប់ការសាកសួរព័ត៌មានបន្ថែម៖ Media.Cambodia@dfat.gov.au ទំនាក់ទំនងមកកាន់ក្រសួងពាណិជ្ជកម្ម៖ 1266 អ៊ីម៉ែល៖ Cabinet.info@moc.gov.kh៕






