រាជបណ្ឌិត្យសភាកម្ពុជា បើកបវេសនកាល «ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ចអន្តរជាតិ» ក្រោមកិច្ចសហការបណ្តុះបណ្តាលជាមួយ សាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាំងស៊ី


«ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ចអន្តរជាតិ» ដែលជាកិច្ចសហការបណ្តុះបណ្តាលរួមគ្នារវាង រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាំងស៊ី បានបើកបវេសនកាល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពី លោកបណ្ឌិត គឺ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាសហប្រធានគណៈកម្មការកិច្ចសហការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ចអន្តរជាតិ និង លោកសាស្ត្រាចារ្យ WU ZHAOYANG សហប្រធានគណកម្មការកិច្ចសហការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ចអន្តរជាតិ ហើយដោយមានការចូលរួមពីសិស្សនិស្សិតជាច្រើននាក់ទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ចអន្តរជាតិ» គឺជាការបើកទំព័រថ្មីជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ចិន លើវិស័យបណ្ដុះបណ្ដាលសេដ្ឋកិច្ចហិរញ្ញវត្ថុ នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោកសាស្ត្រាចារ្យ WU ZHAOYANG បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដែលបានគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីបណ្តុះបណ្តាលនេះ តាំងពីចាប់ផ្ដើម ព្រមទាំងបានចូលរួមផ្លាស់ប្ដូរមតិយោបល់ និងការណែនាំរហូតមក។

លោកសាស្ត្រាចារ្យ បានបន្ដថា ជំនាញមួយនេះពិតជាមានសារៈសំខាន់ណាស់ហើយក៏ជាស្ពានតភ្ជាប់រវាងដួងចិត្តប្រជាជននិងប្រជាជន។ ក្រៅពីបញ្ជូនសិស្សនៅក្នុងប្រទេសចិន តាមរយៈកម្មវិធីនេះ ក៏នឹងមាននិស្សិតពីសាកលវិទ្យាល័យ ជាំងស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ លោកបានជូនពរឱ្យកម្មវិធីសិក្សាកាន់តែរីកចម្រើនជាលំដាប់ ហើយជូនពរឱ្យទំនាក់ទំនងស្ថាប័នទាំងពីរ នៅតែបន្តឋិតថេរជាអមតៈ។

លោកបណ្ឌិត គឺ សេរីវឌ្ឍន៍ បានបញ្ជាក់ថា សម្រាប់វគ្គសិក្សាដំបូងនេះ គឺមានបេក្ខជន១១នាក់ ក្នុងនោះមាន៨នាក់ ទទួលបានអាហារូបករណ៍២០%។ លោកសង្ឃឹមថា នឹងមានសិស្សនិស្សិតចូលសិក្សាកាន់តែច្រើនទៀត ហើយការផ្តល់អាហាររូបករណ៍ នឹងមានកាន់តែច្រើននៅពេលខាងមុខ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ទៀតថា ដើម្បីចូលរៀនបាន បេក្ខជនត្រូវមានកាតព្វកិច្ចមួយទៀត គឺភាសាចិន ហើយក៏មានការរៀនបំប៉នភាសាចិនក្រៅម៉ោងសម្រាប់ពួកគេផងដែរ។ សម្រាប់លក្ខខណ្ឌ ដែលបានផ្ដល់ឲ្យទៅបេក្ខជន ចុះឈ្មោះរៀន គឺមានលក្ខណៈតឹងរឹង ដើម្បីពង្រឹងគុណភាពចម្រាញ់យកអ្នកមានការប្ដេជ្ញាចិត្ដនៅក្នុងការរៀន ដោយសង្ឃឹមថា ក្រោយពីបញ្ចប់ការសិក្សានេះទៅ បេក្ខជន នឹងទទួលបានលទ្ធផលល្អប្រសើរ ប្រើប្រាស់ចំណេះដឹងជាប្រយោជន៍សម្រាប់សង្គមជាតិ និងអាជីពរបស់គេ៕