ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចាត់តំណាងនាំយកអំណោយជូនវីរកងទ័ពជួរមុខទិសថ្មដា តាមរយៈរដ្ឋបាលខេត្តពោធិ៍សាត់


នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងប្រធានស.ស.យ.ក ខេត្តពោធិ៍សាត់ និងសហការីបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានស.ស.យ.ក មកជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាននៅសមរភូមិមុខតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមរយៈរដ្ឋបាលខេត្តពោធិ៍សាត់ តំណាងដោយលោក ខូយ រីដា អភិបាលខេត្ត និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំនូវបណ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសវីរកងទ័ពនៅសមរភូមិមុខ ក៏ដូចជាជនភៀសសឹកដោយសារពួកសៀមឈ្លានពាន។

ឯកឧត្តមបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើព្រះមហាក្សត្រ ជឿជាក់លើសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការការពារអធិបតេយ្យជាតិ ការពាបូរណភាពទឹកដី និងអាយុជីវិតប្រជាជនខ្មែរ។

អំណោយដែលផ្តល់ជូនក្នុងឱកាសនោះរួមមាន៖ ថវិកា៥លានរៀល, អង្ករ១តោន, មី១០០កេសធំ, ថ្នាំពេទ្យ និងបរិក្ខារពេទ្យ២០កេស, ប្រេងក្រឡា, អាវ, ពិល, ពិលពាក់ក្បាល, សម្ភារៈប្រើប្រាស់ Power bank, ថ្នាំដុសធ្មេញ និងដំណាប់ផ្លែឈើ១៥គីឡូក្រាម៕