រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងអភិបាលខេត្តកំពង់ចាម បើកយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល


ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល នៅមជ្ឈមណ្ឌលសន្តិភាព ខេត្តកំពង់ចាម ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៣,០០០នាក់។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពរបស់គណៈកម្មាធិការខេត្ត ដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ លេខាធិការដ្ឋានបាននឹងកំពុងជម្រុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន ១,០០០នាក់ ដែលគ្រោងបើកវគ្គ បណ្តុះបណ្តាល ស្នើនឹង៤០ថ្នាក់ នៅក្នុងឆ្នាំ២០២៥នេះ។ ហើយនៅឆ្នាំ២០២៦ នឹងបន្តការជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន ២,០០០ នាក់បន្ថែមទៀត ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តឱ្យប្រើប្រាស់ថ្នាលឌីជីថល ដើម្បីគាំទ្រដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយស្ម័គ្រចិត្ត តាមរយៈថ្នាលឌីជីថលនេះ នឹងផ្ដល់ការទទួលស្គាល់ ដែលអាចលើកកម្ពស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរួមចំណែកកាន់តែខ្ពស់ដល់សេដ្ឋកិច្ចជាតិ គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ៣ ដែលមានអ្នកស្នើសុំចុះឈ្មោះក្នុងប្រព័ន្ធចំនួន ១៧,៤២០នាក់។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា អ្នកដែលកសាងសេដ្ឋកិច្ចមិនមែនតែរោងចក្រ ឬក៏អ្នកវិនិយោគខាងក្រៅនោះទេ ពោលគឺបងប្អូនប្រជាពលរដ្ឋរាប់លាននាក់នេះហើយ គឺជាអ្នកកសាងសេដ្ឋកិច្ចយ៉ាងសំខាន់ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សូម្បីតែអ្នកលក់ដូរតាមចិញ្ចើមថ្នល់ មានអ្នកផលិត មានអ្នកទិញ នោះហើយសុទ្ធតែជាអ្នកកសាងសេដ្ឋកិច្ច។ ដូច្នេះបងប្អូនយើង ដែលពីមុនមក ជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានការជួបជុំគ្នាថ្ងៃនេះ សម្រាប់ខេត្តកំពង់ចាម គឺជាលើកទី ៨ នៃយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល៕