កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម សហការគ្នារៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍លើគម្រោង «ប្រទេសបួន គោលដៅតែមួយ»


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីរួមជាមួយលោកស្រី Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការប្រកាសបើកកម្មវិធីមហោស្រពអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

សិក្ខាសាលានេះមានការចូលរួមពីលោក Maung Maung Kyaw ប្រធានគណៈប្រតិភូនៃក្រសួងសណ្ឋាគារ និងទេសចរណ៍ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកស្រី Tran Thi Phuong Nhung ប្រធានគណៈប្រតិភូនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក លោកស្រីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការអន្តរក្រសួងពាក់ព័ន្ធ ឯកឧត្តម ហួត ហៃ អភិបាលរង និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងសាលាខេត្តដែលពាក់ព័ន្ធ មន្រ្តីជំនាញ និងវិស័យឯកជន ប្រមាណ ២៥០រូប។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហៃ បានថ្លែងអំពី ការយកចិត្តទុកដាក់ខ្ពស់របស់សាលារាជធានីភ្នំពេញលើការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការបំភ្លឺតាមសាធារណៈ និងកត្តាសុខសន្តិភាពបន្ថែមទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនារាជធានីភ្នំពេញ ជាង១១លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ជាង១,១​លាននាក់ គិតត្រឹម ១១ខែ ឆ្នាំ២០២៥នេះ។

បន្ថែមពីនេះទៀត លោកស្រីអនុរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីជំនាញនៃប្រទេសទាំងអស់ដែលបានសហការរួមគ្នាសម្រេចបាននូវពិព័រណ៍ម្ហូបអាហារប្រពៃណីនៃប្រទេសជាសមាជិក និងសន្និសីទលើប្រធានបទដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការពង្រឹង និងពង្រីកកិច្ចសហការជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងបួនឱ្យកាន់តែសកម្ម ជាក់ស្តែង និងផ្តល់នូវប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងអស់គ្នា ក្រោមគំនិតផ្តួចផ្តើមរួមគ្នា «ប្រទេសបួន គោលដៅតែមួយ»។

ឆ្លៀតក្នងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលអញ្ជើញមកចូលរួម នៅរាជធានីភ្នំពេញ ដែលអាចជាសាក្សីបញ្ជាក់ថាកម្ពុជា កំពុងមានសុខសន្តិភាព ស្ថិរភាពនយោយ សុខសុវត្ថិភាពដល់អ្នកទេសចរ និងអ្នកដំណើរទាំងអស់ ជាពិសេសការអភិវឌ្ឍលើគ្រប់វិស័យ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញសម្រាប់អ្នកទេសចរ និងធុរជនពីប្រទេសឡាវ មីយ៉ានម៉ា និងវៀតណាម មកទស្សនា និងស្វែងយល់ ព្រមទាំងជួបពិភាក្សាជាមួយដៃគូកម្ពុជាបង្កើតជាកញ្ចប់ទស្សនកិច្ច ឬអាជីវកម្មរួមគ្នា។

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បញ្ជាក់ថា កត្តាអំណោយផល និងអនុគ្រោះនេះ គឺផ្តើមចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងចុក្ខវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាមត៌កបន្សល់ពីថ្នាក់ដឹកនាំជំនាន់មុន រួមមានសម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន ដែលបានបង្កើតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងអស់នាពេលនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នាពេលនេះ ជាការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងការសម្រួលការធ្វើដំណើរ ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់អនុតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមចក្ខុវិស័យ «ប្រទេសទាំងបួន ទិសដៅតែមួយ»។ លោកក៏ សូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកប្រធានគណៈប្រតិភូ CLMV រួមជាមួយនឹងប្រតិភូ CLMV ទាំងអស់ វាគ្មិនធនធាន តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនចំពោះការរួមចំណែកដ៏មានតម្លៃចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍៕