ទូតឆែកនៅកម្ពុជា សោកស្ដាយចំពោះការបាត់បង់ជីវិត និងពលរដ្ឋត្រូវភៀសសឹក ដោយសារជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងសង្ឃឹមថាបញ្ហាត្រូវដោះស្រាយបញ្ចប់ឆាប់ៗ


លោកស្រី ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់អាយុជីវិត និងត្រូវរត់ភៀសសឹក ចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។ សាធារណរដ្ឋឆែក បានតាមដានដោយយកចិត្តទុកដាក់ និងមានជំនឿមុតមាំថា បញ្ហានឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការចរចានៅក្នុងពេលឆាប់ៗនេះ។

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអនុញ្ញាតជូនលោកស្រី ម៉ាកេតា កូល ហៃកូវ៉ា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្ដេចប្រធានរដ្ឋសភា បានសម្ដែងនូវការស្វាគមន៍ចំពោះលោកស្រីឯកអគ្គរដ្ឋទូត និងសហការី និងបានចាត់ទុកវត្តមានរបស់លោកស្រីនៅកម្ពុជា ជាការបង្ហាញច្បាស់អំពី ការផ្ដល់តម្លៃពីសាធារណរដ្ឋឆែកចំពោះ កម្ពុជា។ កម្ពុជា និងឆែកមានទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូរអង្វែង ហើយព្រះករុណាព្រះមហាក្សត្រនៃកម្ពុជានាពេលបច្ចុប្បន្ន ព្រះអង្គក៏ធ្លាប់យាងទៅសិក្សានៅប្រទេសឆែកដែលនេះជានិមិត្តរូប នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដ៏ល្អប្រសើរផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកស្រី នឹងខិតខំធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជា និងឆែកឱ្យមានភាពរីកចម្រើន និងល្អប្រសើរទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ចក្រុមមិត្តភាពសភាប្រទេសទំាងពីរ ការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើន ជាពិសេស លោកស្រីនឹងប្រឹងប្រែងកៀរគរអ្នកវិនិយោគ និងទេសចរពីសាធារណរដ្ឋឆែកឱ្យមកវិនិយោគនិងកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើន។

លោកស្រីឯកអគ្គរដ្ឋទូត គូសរំលេចថា នៅក្នុងឱកាសខួប ៧០នៃចំណងមិត្តភាពកម្ពុជា-ឆែក លោកស្រីនឹងខិតខំពង្រីកបន្ថែម ជាពិសេសការរៀបចំព្រឹត្តិការណ៍នានា រួមទាំងការធ្វើទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ឆែក មកកាន់កម្ពុជាផងដែរ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកស្រី និងបន្តថា សក្ដានុពលរវាងកម្ពុជា និងឆែក គឺនៅមានចន្លោះជាច្រើនទៀត ដែលអាចធ្វើជាមួយគ្នាឱ្យសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរ។ ជាមួយគ្នានេះ សម្ដេចបានអរគុណដែលប្រទេសឆែកបានបង្វែរបំណុលដែលកម្ពុជាជំពាក់មកជាជំនួយសម្រាប់ការអប់រំ។ សម្តេចបានអរគុណចំពោះឆែក ដែលបានសម្រេចផ្តល់អាហារូបករណ៍ចំនួន១៩កន្លែង ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឆែកក្នុងវិស័យសុខាភិបាល។ គិតចាប់ពីឆ្នាំ១៩៨៤ ដល់ពេលបច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ៤០០នាក់ បានទៅសិក្សានៅប្រទេសឆែក។

សម្តេចប្រធានរដ្ឋសភា គាំទ្រ និងការផ្តល់ជំនួយរបស់ឆែកមកកម្ពុជាក្នុងវិស័យសុខាភិបាល និងអប់រំនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់អាទិភាពលើវិស័យធនធានមនុស្ស និងសុខាភិបាល ដែលជាខឿនដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាវិញ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសឆែក ដែលបានស្វែងយល់ការពិតពីសភាពការណ៍ជាក់ស្តែង។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច ដូចប្រទេសឆែកដែរ។ កម្ពុជាគ្មានមហិច្ឆតាណាមួយក្នុងការទៅដណ្តើមទឹកដី ពីប្រទេសណាមួយឡើយ។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាគ្មានហេតុផលណាមួយទៅធ្វើសង្រ្គាមដើម្បីឱ្យពលរដ្ឋរងទុក្ខលំបាកទៀតនោះឡើយ។ កម្ពុជាបានស្គាល់រសជាតិលំបាកពីសង្រ្គាម ដូច្នេះសន្តិភាពសម្រាប់កម្ពុជាគឺសំខាន់ណាស់។ កម្ពុជាបាននិងកំពុងអភិវឌ្ឈខ្លួន ដូច្នេះគ្មានបំណងទៅបង្កសង្រ្គាមជាមួយប្រទេសណាមួយ ពិសេសប្រទេសដែលធំជាងខ្លួនឡើយ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ មានសភាពឃោរឃៅ និងព្រៃផ្សៃបំផុត។ ប្រទេសថៃបានប្រើអាវុធធុនធ្ងន់ មានទាំងយន្តហោះ F-16 គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូល ដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងជ្រៅពីបន្ទាត់ព្រំដែន ក្នុងរង្វង់ពី ៨០ទៅ ៩០គីឡូម៉ែត្រ បានបណ្តាលឱ្យបាត់បង់អាយុជីវិតជនស៊ីវិលជាច្រើន និងបង្កឱ្យប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ បានបង្ខំចិត្តរត់គេចចេញពីលំនៅដ្ឋាន។ ទ្រព្យសម្បត្តិ សាធារណៈនិងឯកជន ដូចជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទព្រះវិហារជាដើម ព្រមទំាងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន សំណង់អគារផ្សេងទៀត បានបំផ្លាញដោយអាវុធរបស់ថៃ។

សម្តេចរដ្ឋសភាធិបតី តាមរយៈជំនួបនោះ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិជំរុញភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាព បញ្ឈប់ការឈ្លានពានមកលើកម្ពុជា បើមិនដូច្នោះទេ ការរងគ្រោះនិងខាតបង់ កាន់តែធ្ងន់ធ្ងរជាងនេះ។ ការឈ្លានពានរបស់ថៃមិនត្រឹមបង្កការខូចខាតសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ ប៉ុន្តែបានបង្កផលប៉ពាល់ដល់សន្តិសុខ ស្ថិរភាពតំបន់ និងសកលលោក ផងដែរ៕