ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានបន្តដឹកនាំគណៈប្រតិភូ ចូលរួមដោយក្ដីគោរព និងក្ដុកក្ដួលបំផុត ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ សពវរកងទ័ពលោកព្រឹន្ទបាលទោ ជ្រីវ ម៉ៅ អាយុ ២៧ឆ្នាំ អង្គភាពវរសនាតូចលេខ ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ ខេត្តឧត្តរមានជ័យ មានទីលំនៅ ភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ដែលបានពលីជីវិត កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅសមរភូមិមុខ ចំណុចច្រកថ្មដូន ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ពិធីដ៏សោកសៅនេះ ត្រូវបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី១៥ ខែធ្នូ នៅផ្ទះគ្រួសារសពវរកងទ័ព ស្ថិតក្នុងភូមិ ឃុំខាងលើ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តកំពត ព្រមទាំងគណៈប្រតិភូពាក់ព័ន្ធអមដំណើរ បានពាំនាំការរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃសពវីរកងទ័ព ដែលបានពលី ដើម្បីការពារបូរណៈភាពទឹកដី និងប្រជាពលរដ្ឋខ្មែរ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបាននាំយកថវិកា រួមជាមួយលិខិតរំលែកមរណទុក្ខប្រគល់ជូនដល់ក្រុមគ្រួសារសព។
ក្នុងពិធីនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តកំពត ព្រមទាំងគណៈប្រតិភូពាក់ព័ន្ធអមដំណើរ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកព្រឹន្ទបាលទោ ជ្រីវ ម៉ៅ និងសូមសម្តែងនូវសេចក្តីសង្វេគសោកស្តាយស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ទាំងនេះជាការបាត់បង់នូវឥស្សរជន ស្នេហាជាតិដ៏ឆ្នើម ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ទាហានថៃ។ ហើយវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ពទាំងបី ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនេះ គឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹន្ទបាលទោ ជ្រីវ ម៉ៅ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ហើយដើម្បីឱ្យស័កសមចំពោះការលះបង់ដ៏ធំធេងនេះ រាល់ការចំណាយក្នុងការប្រារព្ធធ្វើពិធីបុណ្យឈាបណកិច្ច ដើម្បីឧទ្ទិសកុសលផលបុណ្យ ចំពោះលោកព្រឹន្ទបាលទោ ជ្រីវ ម៉ៅ គឺអភិបាលខេត្ត ក្នុងនាមជាបងមួយរូបក្នុងគ្រួសារ គឺជាអ្នកធានារ៉ាប់រងទាំងអស់៕













