ការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា រំពឹងថានឹងពង្រឹងមូលដ្ឋានគ្រឹះរបស់ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ប្រកបដោយស្ថិរភាព ពិពិធកម្ម ទំនើប និង សមាហរណកម្ម


លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារ ជាតិនៃកម្ពុជា, ប្រធានប្រតិបត្តិការបេសកកម្មប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា  រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ ដែលរំពឹងថា នឹងពង្រឹងមូលដ្ឋានគ្រឹះរបស់ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ប្រកបដោយស្ថិរភាព ពិពិធកម្ម ទំនើប និង សមាហរណកម្ម។

លោកជំទាវថ្លែងបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ ធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកជំទាវ ជា សិរី បានថ្លែងថា យុទ្ធសាស្ត្រនេះ ផ្ដោតលើអាទិភាពចម្បងៗរួមមាន៖ ១. ការពង្រឹងស្ថិរភាព ហិរញ្ញវត្ថុ ដើម្បីការពារទំនុកចិត្ត និងភាពធន់, ២. ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ជាពិសេស សម្រាប់ស្ត្រី យុវជន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគមជនបទ, ៣. ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុឱ្យកាន់ តែស៊ីជម្រៅ សំដៅធ្វើពិពិធកម្មប្រភពទុនរយៈពេលវែង, ៤. ការលើកកម្ពស់បរិវត្តកម្មឌីជីថល និង សន្តិសុខសាយប័រ ដើម្បីធានានូវសុវត្ថិភាព និងភាពទុកចិត្តនៃនវានុវត្តន៍បច្ចេកវិទ្យា, ៥. ការគាំទ្រនិងលើក កម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលគាំទ្រដល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ,និង៦. ការពង្រឹង អភិបាលកិច្ច និងកិច្ចសហការរវាងស្ថាប័នទាំងអស់នៅក្នុងវិស័យហិរញ្ញវត្ថុ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ការដាក់ចេញនូវ«យុទ្ធសាស្ត អភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុឆ្នាំ ២០២៥-២០៣០» បានបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្ត និងឆន្ទៈមោះមុតឥតរាថយ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញអនុវត្តរបៀបវារៈ នៃការកសាងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ តាមរយៈការបន្ត អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាន នៃប្រព័ន្ធហិរញ្ញវត្ថុមួយ ដែលផ្អែកលើគោលការណ៍ទីផ្សារ និងស្របតាមនិន្នាការវិវត្ត នៃសង្គម-សេដ្ឋកិច្ច តំបន់, សកល និងកម្ពុជាផ្ទាល់ ទាំងបច្ចុប្បន្ន និងទៅ អនាគត។

លោក Vijay Kumar Akasam ប្រធានប្រតិបត្តិការបេសកកម្មប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍ អាស៊ី គាំទ្រចំពោះការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងរយៈពេល៥ឆ្នាំ ខាងមុខនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជា អះអាងថា នឹងបន្តពង្រឹងការផ្តល់កាលានុវត្តភាព និងលើកកម្ពស់ សហគ្រិនភាព ដែលជំរុញសកម្មភាពអាជីវកម្ម បង្កើនការសន្សំនិងវិនិយោគសម្រាប់អនាគត និងគាំទ្រដល់ កំណើនប្រកបដោយចីរភាព សម្រាប់មនុស្សជំនាន់ក្រោយ ដែលមានភាពធន់ ប្រកួតប្រជែង បរិយាបន្ន។

គួររំលេចថា យុទ្ធសាស្ត្រដែលត្រូវបានអនុវត្តកន្លងមក បានពង្រឹងមូលដ្ឋានគ្រឹះរបស់ប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយស្ថិរភាព ពិពិធកម្ម ទំនើប និងសមាហរណកម្ម៕